Home » , » ឥទ្ធិពលរបស់ Starbucks មកលើទីផ្សារ​​ហាងកាហ្វេ​នៅ​កម្ពុជា

ឥទ្ធិពលរបស់ Starbucks មកលើទីផ្សារ​​ហាងកាហ្វេ​នៅ​កម្ពុជា

Written on Thursday, October 22, 2015 | 8:39 AM

ក្រោយពី Starbucks បាន​ប្រកាស​ជាបើក​ចំហរ​ពីគម្រោង​ឈានជើង​ចូលមក​ទីផ្សារ​កម្ពុជា​នៅចុង​ឆ្នាំ២០១៥​នេះ មានមនុស្ស​ម្នាមិនតិច​នោះទេ​ដែលចាប់​អារម្មណ៍​ពីវត្តមាន​របស់ម៉ាក​ហាងកាហ្វេ​​លំដាប់​​​ខ្ពស់​​មួយនេះ។ ហាងដំបូងគេ​ដែល​នឹងត្រូវលើកផ្លាកសញ្ញា Starbucks Coffee នៅលើ​ទឹកដីកម្ពុជា គឺស្ថិតនៅក្នុងព្រ​លាន​យន្ដ​ហោះអន្តរជាតិ​ភ្នំពេញ ហើយនៅចុងឆ្នាំ២០១៦​ខាងមុខ​គេ​គ្រោងនឹងពង្រីកសាខាទី២​នៅកណ្ដាលរាជ​ធានី​ភ្នំពេញ។ តើការឈា​ន​ជើង​របស់ Starbucks ក្នុង​ទីផ្សារ​កម្ពុជា វានឹងហ៊ុចផលអ្វីខ្លះសម្រាប់កម្ពុជា? 


Starbucks បានក្លាយជា​ក្រុមហ៊ុនមួយដែលបានហក់ចូលក្នុងទីផ្សារហ៊ុន (Stock) នៅឆ្នាំ១៩៩២ ជាមួយនឹងចំនួន​សាខា​​សរុប១២៥​កន្លែង និងមាន​មូលធនទីផ្សារ (Market Cap) ២៥០​លាន​ដុល្លារ​ប៉ុណ្ណោះ ខណៈដែលបច្ចុប្បន្ននេះ មានសាខារហូត​ដល់​ជាង​២ម៉ឺនសាខា នៅ៦៦​ប្រទេស ព្រមទាំង​មានមូលធនទីផ្សារប្រមាណ៧០ពាន់លានដុល្លារ។ ទន្ទឹមនឹងនោះ តម្លៃភាគ​ហ៊ុនរបស់ Starbucks ក៏មាន​ការកើនឡើងយ៉ាងខ្លាំងផងដែរ ពោលគឺកើន​រហូត​ដល់​១,២០០% ​បើគិតតាំង​ពីឆ្នាំ២០០៨។ តាមស្ថិតិមួយរបស់ Starbucks បានបង្ហាញថាជាង ៦០% នៃហាង​ចំនួនហាង​របស់ខ្លួន គឺមាន​នៅចិន និងអាស៊ីប៉ាស៊ីហ្វិក ហើយនៅរយៈពេលជាង៥ឆ្នាំទៀត ចំនួនហាងរបស់ Starbucks នឹងអាច​កើន​ឡើងដល់៣ម៉ឺនសាខានៅទូទាំងពិភពលោក។

យ៉ាងណាមិញ ម៉ាកហាងកាហ្វេ Starbucks ដែលត្រៀមនឹងចូលមកទីផ្សារកម្ពុជា​នៅចុងឆ្នាំ​២០១៥​នេះ ក៏មានវត្តមាន​ក្រោយប្រទេសថៃ និងវៀតណាមដែរ ដោយក្នុងនោះStarbucks បាន​ចូលទីផ្សារ​ថៃតាំង​ពីឆ្នាំ១៩៩៨មកម្លេះ ដែល​មាន​ជាង២០០សាខា និងមានគោលដៅពង្រីក​បន្ថែម​ឲ្យបាន​ដល់៤០០សាខានៅ៥ឆ្នាំបន្ទាប់ទៀត។ ចំណែកឯ Starbucks​ នៅវៀតណាមវិញ​ទើបតែបើក​បាន​ជាង​២ឆ្នាំប៉ុណ្ណោះ និងទើបមាន៣សាខា។ តាមក្រុមហ៊ុន Hong Kong Maxim’s Group ដែល​ទទួល​បានសិទ្ធិធ្វើអាជីវកម្មលើម៉ាក Starbucks ប្រចាំនៅអាស៊ីប៉ាស៊ីហ្វិកបានលើកឡើងថា ក្រុមហ៊ុន​របស់ខ្លួន គ្រោងនឹងបើកឲ្យបាន៣,៣០០សាខានៅ១២ប្រទេសក្នុងតំបន់ដែលខ្លួនកាន់កាប់ ដោយ​ក្នុង​នោះ ​សម្រាប់​​តែ​ប្រទេសចិន​មួយប៉ុណ្ណោះមានរហូតដល់ប្រមាណ៧០០សាខា។ទោះយ៉ា​ងណា គេមិន​ទាន់​​​ដឹងថាតើ​សម្រាប់​​ទីផ្សារកម្ពុជាក្រុមហ៊ុននេះនឹងបើកប៉ុន្មានសាខានៅឡើយទេ ដោយ​គ្រា​ន់​​តែ​ដឹងថា នៅចុងឆ្នាំនេះគេគ្រោង​នឹងបើក​សាខាទី១នៅព្រលានយន្ដហោះអន្តរជាតិភ្នំពេញ និងសាខា​ទី២​គ្រោង​​នឹង​បើកនៅកណ្ដាល​រាជធានីភ្នំពេញ​នៅចុងឆ្នាំ២០១៦។ 


ទោះយ៉ាងណាក៏ដោយការមកដល់របស់ Starbucks ត្រូវបានគេលើកឡើងថា ជាដៃគូប្រជែងថ្មី​មួយទៀតរបស់​ហាងកាហ្វេក្នុងស្រុកជាពិសេស គឺហាងកាហ្វេ Brown ខណៈដែល​ហាងកាហ្វេក្នុង​ស្រុក​មួយនេះ បានពង្រីកសាខារបស់ខ្លួន​១០សាខា​រួចមក​ហើយនៅ​រាជធានីភ្នំពេញ។ បើតាម​ប្រសាសន៍​​​របស់​លោក​ ចាង ប៊ុនលាងដៃគូ​គ្រប់គ្រង​របស់​កាហ្វេ Brown Café and Bakeryធ្លាប់បាន​ថ្លែង​ប្រាប់​កាសែតក្នុងស្រុកមួយថា គុណភាពផលិតផលនៅតែជាជម្រើសមួយសម្រាប់អតិថិជន និងជាចំណុច ពិសេសរបស់ Brown។ លោកថា កាហ្វេរបស់ Brown គឺត្រូវបានធ្វើឡើងដោយដៃ (Handcrafted) តែ Starbucks គឺភាគច្រើនធ្វើឡើង​ដោយ​មាស៊ីនស្វ័យប្រវត្តិ (Fully automated machines) ដូច្នេះ វាមិនមានសិល្បះក្នុងការធ្វើកាហ្វេនោះទេ តែវាជាការប្រើ​ប្រាស់ម៉ាស៊ីន​ដើម្បី​ផលិតកាហ្វេច្រើនជាង។ លោកប៊ុនលាងបន្ថែមទៀតថា ទំហំនៃចំណែក​ទីផ្សារ​សម្រាប់​ Starbucks នៅកម្ពុជាហាក់ដូចជា​មិន​មាន​ច្រើន​នោះទេ ដោយលោកលើកឡើងថាតម្រូវការទីផ្សារ​ហាង​កាហ្វេ​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ទៀត​ទេអាចនឹងមាន​ការថយចុះ ដូច្នេះ​ប្រសិន​បើ​ពួកគេ​ចង់​បើក​ហាង​ពី​ ៥០ ទៅ​ ៦០កន្លែង លោកមិនប្រាកដថា​វានឹងមានទីផ្សារនោះទេ។

ដោយឡែក បើតាមប្រសាសន៍របស់លោក ហេង សេងលី នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Park Café បានលើក​ឡើងថា ការមកដល់របស់ Starbucks ហាក់មិនមានភាពភ្ញាក់ផ្អែលខ្លាំងនោះទេ ព្រោះបច្ចុប្បន្ន​កម្ពុជា​ក៏មាន​ហាង​កាហ្វេម៉ាក​អន្តរជាតិ​​មួយ​ចំនួនបានចូលមក​ផង​ដែរ​ ដូចជា Gloria Jeans, The Coffee Bean & Tea Leaf និង Costa Coffee ជាដើម​។ ទោះយ៉ាងណា លោកថា​ការមក​ដល់​នៃម៉ាក Starbucks បាននឹងកំពុងបង្ហាញ​ឲ្យឃើញកាន់​តែ​ច្បាស់​ពីសក្ដានុពលនៃ​ទីផ្សារ​ហាង​កាហ្វេ​នៅកម្ពុជា​ដែលអាចអូស​ទាញ​ម៉ាកល្បីធំៗឲ្យចូលមក។ បន្ថែមពីនេះ វានឹង​ធ្វើឲ្យទីផ្សារ​មួយ​នេះ កាន់តែ​មានភាពច្បាស់លាស់ជាងមុន ពោលគឺនឹងមានការ​ប្រកួតប្រជែងកាន់​តែស្វិត​ស្វាញ​​​​ជាង​មុន និងរកឃើញអ្នកដែលមានសមត្ថភាព​​ពិតប្រាកដ​​លើទីផ្សារ។ លោកសេងលី បន្តទៀតថា វត្តមានរបស់ Starbucks ​នៅទីផ្សារកម្ពុជា ហាក់នៅមានភាព​ស្រពិចស្រពិលនៅឡើយ ក្នុងការ​ឈាន​ទៅរកការប្រកួតប្រជែង​ដែល​ជោគជ័យ​ជាមួយគូប្រជែងរបស់ខ្លួន ព្រោះទំហំទីផ្សារកម្ពុជា​ហាក់មាន​តូចនៅឡើយ ខណៈដែលដៃគូ​ប្រជែងរបស់ Starbucks បានពង្រីកខ្លួន​ជាច្រើនសាខា​រួចទៅហើយ។ មួយវិញទៀត បើតាមបទពិសោធន៍​របស់ម៉ាកហាងកាហ្វេ​អន្តរជាតិ​មួយចំនួន​ដែល​បាន​ចូល​មកទីផ្សារកម្ពុជា ក៏ពុំទាន់ឃើញ​មានម៉ាកណាមួយប្រកួតប្រជែងម៉ាកល្បីក្នុងស្រុក (Brown) នៅឡើយ។

ជជែកកម្សាន្ដ