Home » , » តើអាជីវកម្ម​អ្នកគួធ្វើអ្វី​នៅ​រដូវខ្សត់​អតិថិជន (Low Season)?

តើអាជីវកម្ម​អ្នកគួធ្វើអ្វី​នៅ​រដូវខ្សត់​អតិថិជន (Low Season)?

Written on Thursday, October 22, 2015 | 8:50 AM

“អាជីវកម្មអ្នកអាចមាន​រដូវកាលខ្សត់អតិថិជនតែអ្នក​ជាម្ចាស់មិនត្រូវខ្សត់យុទ្ធសាស្ត្រ​ដើម្បីចាប់​យក​អតិថិជនទេ”
អាជីវកម្មភាគច្រើនតែងតែមានរដូវកាលខ្សត់អតិថិជន (Low Season) និងរដូវកាលសម្បូរអតិថិជន (High Season)។ ក្នុងនោះ អាជីវកម្មដែលមានរដូវកាលសម្បូរអតិថិជន​ គឹសំដៅទៅលើរដូវកាល​ដែលផលិតផល ឬសេវាកម្មរបស់អ្នកកំពុងពេញនិយមទៅនឹងតម្រូវការរបស់ប្រើប្រាស់។ ដោយឡែក ចំពោះ​រដូវកាលដែល​ធ្វើឲ្យអាជីវកម្ម​​ខ្សត់អតិថិជន គឺសំដៅទៅលើ​កាលៈទេសៈមួយ​ដែល​ផលិតផល ឬសេវាកម្មនៃអាជីវកម្មនោះ​ មានតម្រូវការប្រើប្រាស់ទាប ឬស្ទើរតែគ្មានតម្រូវការ​ពីអតិថិជន។ ទាក់ទងទៅនឹងការលើកឡើងខាងលើនេះ តើអ្នកគួរធ្វើអ្វីខ្លះនៅក្នុងរដូវខ្សត់អតិថិជន ដើម្បីឲ្យអាជីវកម្មអ្នកអាចរក្សាបាននូវស្ថិរភាព និងអាចធ្វើការប្រកួត​ប្រជែង​បាន? ពាណិជ្ជកម្ម កម្ពុជា សូមលើកយកនូវដំណោះស្រាយសំខាន់ៗមួយចំនួន ដើម្បីចែករំលែកទៅកាន់​មិត្តអ្នកអាន ដែលមាន​ដូចខាងក្រោមនេះ៖

កំណត់ការចំណាយឲ្យនៅទាបបំផុត
វាជាគោលការណ៍ទូទៅមួយដែលអាជីវកម្ម ឬក្រុមហ៊ុនទាំងឡាយតែងតែជ្រើស​យកនូវការកា​ត់​បន្ថយ​​ការ​​ចំណាយ​ផ្សេងៗឲ្យមានទាបបំផុត នៅក្នុងរដូវកាលខ្សត់អតិថិជន (Low Season) ព្រោះ​ក្នុង​កាលៈទេសៈនេះ អាជីវកម្មអ្នកនឹងមិនមានចំណូលគ្រប់គ្រាន់ដើម្បី​ទ្រទ្រង់លើការចំណាយ​ដែល​​មានចំនួនច្រើននោះឡើយ។ នៅក្នុងស្ថានភាពនេះ មានអាជីវកម្មមួយចំនួន អាចឈានដល់​ការសុំផ្អាក​ការងារបុគ្គលិកក្នុងផ្នែកមួយចំនួន​ជាបណ្ដោះអាសន្ន ដោយមានការកំណត់​លក្ខខណ្ឌ​មួយចំនួន ដើម្បីព្រមព្រៀងគ្នារវាងក្រុមហ៊ុន និងបុគ្គលិក ដូចជាការសុំផ្អាក​ការងារ​​​បុគ្គលិករយៈ​ពេល​១ ឬ២ខែ ដោយផ្ដល់ជូននូវប្រាក់បៀវត្សរ៍ពាក់កណ្ដាល​ក្នុង​កំឡុង​ពេលឈប់​សម្រាក​ជាដើម។ ការធ្វើបែប​នេះវាអាចជា​ជម្រើស​មួយមិនសូវល្អ​សម្រាប់​បុគ្គលិក តែវាជាផ្លូវដើរ​ចុង​ក្រោយមួយ​សម្រាប់​អាជីវកម្ម នៅពេលដែលប្រឈម​មុខ​នឹងបញ្ហា​ចំណាយលើស​ពីលទ្ធភាព។ ភាគច្រើន​រដូវ​កា​ល​​​ខ្សត់អតិថិជនសម្រាប់អាជីវកម្មតែងកើតមាននៅក្នុង​រដូវវស្សា​ដែលមាន​ភ្លៀង​ធ្លាក់​ច្រើន ជាក់ស្ដែង​​អាជីវកម្មលក់គ្រឿងសំណង់ និងក្រុមហ៊ុនផ្ដល់សេវា​ដំណើរ​កម្សាន្ដ​ជាដើម។ល។ ប៉ុន្ដែ​មាន​​អាជីវកម្មខ្លះ​នៅរ​ដូវភ្លៀង​គឺជារដូវកាលសម្បូរអតិថិជនទៅវិញ តួយ៉ាងអាជីវកម្មលក់​ផលិត​ផល​​សម្រាប់​កសិកម្ម​ជាដើម។
រក្សាទំនាក់ទំនងល្អជាមួយអតិថិជន
ថ្វីត្បិតតែអាជីវកម្មអ្នកកំពុងស្វិតក្នុងរដូវកាលខ្សត់អតិថិជនក៏ដោយក្ដី តែអ្នកមិនត្រូវនៅស្ងៀម​ដើម្បី​រង់ចាំតែ​​ឱកាស​សម្រាប់រដូវសម្បូរអតិថិជនមកដល់នោះទេ។ អ្នកគប្បីរក្សាបន្តទំនាក់ទំនង​ល្អ​ជាមួយ​​អតិថិជន ដោយការ​ដើរតួជាអ្នកប្រឹក្សាយោបល់ជាមួយអតិថិជន តាមរយៈការសរសេរ​អ៊ីម៉ែល ឬទូរស័ព្ទសាកសួរ​ពីសុខទុក្ខ​ និងបញ្ហា​នានាក្រោយពីការប្រើប្រាស់ផលិតផលរបស់​អ្នក​កាល​ពីពេលមុនៗជាដើម។ លើសពីនេះ អ្នកអាចបង្កើតឲ្យមាន​ជាការលក់បញ្ចុះតម្លៃ​សម្រាប់​អតិថិជន​ថ្មីៗ និងផ្ដល់ជូននូវប័ណ្ណបញ្ជុះតម្លៃពិសេសសម្រាប់អតិថិជន​ចាស់ៗ​របស់ខ្លួនផងដែរ។ លើសពីនេះ អ្នកគប្បីចងចាំថា ថ្វីត្បិតតែក្រុមហ៊ុនអ្នកត្រូវកាត់បន្ថយការចំណាយ​ផ្សេងៗ​នៅក្នុងរដូវ​កាលខ្សត់អតិថិជនក្ដី​ ប៉ុន្ដែ ការរៀបចំកញ្ចប់ថវិកាសម្រាប់ការធ្វើម៉ាឃីតធីងគឺត្រូវតែមាន។ ប្រសិន​បើអ្នក​មានកញ្ចប់​ថវិកាតិចតួចសម្រាប់ការធ្វើម៉ាឃីតធីង អ្នកគប្បីសិក្សាឲ្យត្រូវពីអតិថិជនគោលដៅ​ ដែលអ្នកចង់ចាប់យក (អាចជាអតិថិជនចាស់ ឬអតិថិជនថ្មី)។ ម្យ៉ាងទៀត អ្នកត្រូវស្វែងរក​គំនិតថ្មី​ប្លែកៗដើម្បី ទាក់ទាញការចាប់អារម្មណ៍ពីអតិថិជនរបស់អ្នក និងធ្វើការផ្សព្វផ្សាយតាម​បណ្ដាញ​សង្គម​ដែលមិនមានគិត​ថ្លៃសេវាដូចជា Facebook, Instagram, Twitter និង Google+ ជាដើម។ ជារួម គឺអ្នកត្រូវស្វែងរកគំនិតក្នុងការ​រក្សា និងអូសទាញអតិថិជនឲ្យបានច្រើន ជាជាងការកាប់បំពង់​រង់ចាំ​ទឹកភ្លៀង។
ធ្វើជាដៃគូជាមួយអាជីវកម្មដែលកំពុងមានតម្រូវការ
ការធ្វើអាជីវកម្ម មិនមែនត្រូវដើរតួជាគូប្រជែងស៊ីសាច់ហ៊ុតឈាមគ្នាគ្រប់ពេលនោះទេ ប៉ុន្ដែត្រូវចេះ​សហការ​គ្នា​​ដើម្បី​ធ្វើ​យ៉ាងណាអូសទាញប្រយោជន៍ពីគ្នាទៅវិញទៅមក។ យ៉ាងណាមិញ ប្រសិនបើ​អាជីវកម្ម​អ្នក​ស្ថិតក្នុង​រដូវ​កាល​ខ្សត់អតិថិជនទៀតសោត អ្នកគួរតែស្វែងរកដៃគូអាជីវកម្ម​ដែល​ស័ក្ដិ​សម​ដើម្បី​ចងសម្ព័ន្ធភាពរវាងគ្នា។ មិនតែប៉ុណ្ណោះ ប្រសិនបើអ្នកអាចស្វែងរកបាននូវដៃគូល្អ វាក៏​នឹង​ជួយ​ឲ្យការលក់មានការកើនឡើងផងដែរ។ ក្នុងនោះ ដើម្បីស្វែងរកបានដៃគូល្អបាន អ្នកត្រូវចេះ​ស្វែង​រកនូវ​អាជីវកម្មណាដែលកំពុងមានតម្រូវការខ្លាំង ខណៈដែល​អាជីវកម្ម​អ្នកមិនសូវមាន​តម្រូវ​ការ។ អ្នកអាចបង្កើតឲ្យមានជាការលក់ដោះដូរសេវាកម្ម ឬផ្ដល់​នូវ​ការបញ្ចុះ​តម្លៃ​ពិ​សេសនៃ​ផលិត​ផល​​ជាមួយនឹងដៃគូរបស់អ្នក តួយ៉ាងចំពោះ​អតិថិជន​ដែលមកទិញ​ផលិតផល ឬសេវាកម្មពីដៃគូ​របស់អ្នក នឹងទទួលបានការបញ្ចុះតម្លៃ២០% ឬ៣០% ពីផលិតផលរបស់អ្នកដូចគ្នា។ ហេតុនេះ ទោះបី​ជាពួកគេមិនមាន​តម្រូវការ ក៏ពួកគេបានស្គាល់ពីក្រុមហ៊ុនអ្នក និងប្រាប់តគ្នាពីក្រុមហ៊ុន ឬផលិតផលអ្នក​ទៅកាន់​សាច់ញាតិ ឬមិត្តភក្ដិ​ផ្សេងទៀត​ដែលអាចជាអ្នកមានតម្រូវការដែរ។
ត្រៀមខ្លួនឲ្យបានរួចរាល់
នៅក្នុងរដូវខ្សត់អតិថិជននៃអាជីកម្ម វាអាចជាឱកាសមួយសម្រាប់សហគ្រិនក៏ដូចជាម្ចាស់អាជីវកម្ម គួរចំណាយ​ពេលដើម្បីត្រៀមខ្លួន និងបង្កើតជាគម្រោងយុទ្ធសាស្ត្រដើម្បី​វាយសម្រុកលើ​ទីផ្សារនៅ​ពេល​រដូវ​កាលសម្បូរ​អតិថិជន​មកដល់។ ក្នុងអំឡុងពេលនេះ អ្នកត្រូវប្រាកដថា អ្វីៗទាំងអស់ដែល​មាននៅក្នុងសង្វាក់អាជីវកម្ម​របស់​អ្នក​ត្រូវបានរៀបចំ និងផ្លាស់ប្តូរ​បានត្រឹមត្រូវ​ប្រសើរជាងមុន។ យោងតាមប្រសាសន៍របស់កញ្ញា កន​ ចៅបុប្ផា អ្នកគ្រប់គ្រប់ក្រុមហ៊ុន ស៊ិន សាវុន​ ជាក្រុមហ៊ុន​ដែល​ផ្គត់ផ្គង់ទៅលើ ការចាក់បំពេញដី ដឹកខ្សាច់ ថ្ម ជួលអេស្កាវាទ័រ និងឡានដឹកដី បានប្រាប់ ឲ្យ​ពាណិជ្ជកម្ម កម្ពុជាដឹងថា ស្ថិតក្នុងរដូវកាលខ្សត់អតិថិជននេះ ក្រុមហ៊ុនកញ្ញាបាន​ត្រៀមខ្លួន​ជា​ស្រេច មុននឹងរដូវកាលសម្បូរអតិថិជនមកដល់។ ក្នុងន័យនេះ កញ្ញាបាន​ពន្យល់ថា រាល់គ្រឿង​ចក្រ​ទាំងអស់​គឺត្រូវបានត្រួតពិនិត្យ និងជួសជុលគ្រឿងបន្លាស់ឲ្យបានរួចរាល់ ​ ដើម្បី​ធានានូវ​ដំណើរ​ការគ្រឿងម៉ាស៊ីនបានល្អ ជៀសវាង ភាពរអាក់រអួលណាមួយកើតឡើង ក្នុងពេលកំពុង​ប្រតិបត្តិនារដូវកាលសម្បូរអតិថិជន (High Season)។ ដោយឡែក ប្រសិនបើអាជីវកម្ម​របស់​អ្នកជា​ប្រភេទ​អាជីវកម្ម​លក់ផលិតផល ឬលក់ម្ហូបអាហារវិញ អ្នកគួរតែស្វែរកនូវមុខម្ហូប ឬផលិតផល​ដែល​ថ្មីប្លែក ដែល​អាច​បំពេញ​តម្រូវកាអតិថិជនបានកាន់តែប្រសើរ។ លើសពីនេះ ត្រូវសរសេរ​គម្រោង​អាជីវកម្ម​ថ្មីដើម្បី​កំណត់ពី​គោលដៅ​នៃការលក់របស់ខ្លួន និងយុទ្ធសាស្ត្រនៃ​ការធ្វើ​ម៉ាឃីត​ធីង​ផ្សេងៗ​សម្រាប់ប្រកួត​ប្រជែងលើ​ទីផ្សារ​ក្នុងអំឡុងពេលរដូវកាល​សម្បូរអតិថិជនមកដល់ជា​ដើម។

សរុបជារួម ក្នុងអំឡុងពេលខ្សត់អតិថិជន វាមិនមែនជាបញ្ហាធ្ងន់ធ្ងរនោះទេសម្រាប់អាជីវកម្ម ប្រសិន​បើ​អ្នកមាន​​ផែនការ និងយុទ្ធសាស្ត្រច្បាស់លាស់។ ផ្ទុយទៅវិញ វាជាឱកាស​មួយសម្រាប់​អ្នកដកស្រង់នូវបទពិសោធន៍ថ្មីៗ និងធ្វើការផ្លាស់ប្តូររាល់កំហុសនានាដែលអ្នកធ្លាប់ជួបកាលពីមុន ដើម្បីកែច្នៃវាឲ្យកាន់តែប្រសើរឡើង។

“អ្នកត្រូវស្វែងរកគំនិតក្នុងការ​រក្សា និងអូសទាញអតិថិជនឲ្យបានច្រើន ជាជាងការកាប់​បំពង់រង់​ចាំទឹកភ្លៀង”


ជជែកកម្សាន្ដ