Home » , » វីធីសាស្ត្រ​ក្នុងការ​គ្រប់គ្រង​លំហូរ​សាច់​ប្រាក់

វីធីសាស្ត្រ​ក្នុងការ​គ្រប់គ្រង​លំហូរ​សាច់​ប្រាក់

Written on Friday, February 27, 2015 | 9:52 AM

“អ្នកជោគជ័យក្នុងអាជីវកម្ម និងជីវិតត្រូវតែពូកែលើការគ្រប់គ្រងលំហូរសាច់ប្រាក់”

លំហូរសាច់ប្រាក់ (Cash Flow) ប្រៀបបាននឹងសរសៃឈាមដ៏សំខាន់សម្រាប់សង្វាក់អាជីវកម្មដែល​​​សហគ្រិន ​​ទាំងឡាយចាំបាច់​ត្រូវស្វែងយល់ដោយយកចិត្តទុកដាក់។ លំហូរសាច់ប្រាក់ត្រូវបានកើត​មាន​ឡើង​​តាំង​ពីពេល​អ្នក​ចាប់ផ្ដើម​អាជីវកម្មក្នុង​ថ្ងៃ​ដំបូងម្លេះ ហើយវាត្រូវបានរាប់បញ្ជូលទាំងចរន្ដសាច់ប្រាក់ចេញ និងចូល។

តាមប្រសាសន៍របស់កញ្ញា លី កញ្ញារ័ត្ន នាយិកាសេវាហិរញ្ញវត្ថុ និងពន្ធដារ នៃក្រុមហ៊ុន Aplus Consulting បានឲ្យដឹងថា រាល់អាជីវកម្មភាគច្រើនតែងតែជួបប្រទះនូវបញ្ហាលំហូរសាច់ប្រាក់ មិនថា​តែអាជីវ​កម្មខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំនោះទេ ជាពិសេស វាតែងកើតមាននៅក្នុងវិស័យ​ផលិតកម្ម និងសំណង់។ កញ្ញា​បញ្ជាក់​ថា សញ្ញាណដែលអាចបញ្ជាក់​ឲ្យដឹងថា​អាជីវកម្មអ្នកកំពុង​ជួបវិបត្តិ​លំហូរ​សាច់ប្រាក់ គឺតាមរយៈការទទួល​បាននូវគណនីត្រូវទទួលយឺតយាវ (Aging Receivable) និងគណនីត្រូវទូទាត់ត្រូវបានចំណាយ​ក្នុងពេល​រហ័ស​​ពេក ឬអាចបណ្ដាលមកពីការលក់ធ្លាក់ចុះផងដែរ។ យ៉ាងណាមិញ នៅពេលដែល​សាច់​ប្រាក់​​​នាពេល​ចុង​គ្រាតូច​ជាងសាច់​ប្រាក់ដើមគ្រាមានន័យថាលំហូរសាច់ប្រាក់ក្នុងក្រុមហ៊ុនអ្នកមានការថយចុះ។ ដោយឡែក ប្រសិនបើ​សាច់ប្រាក់នាពេលចុងគ្រា​ធំជាងសាច់ប្រាក់នាពេលដើមគ្រា នោះបញ្ហាញថា លំហូរ​សាច់​ប្រាក់​ក្នុង​ក្រុមហ៊ុន​អ្នកគឺមានការកើនឡើង​។

ខាងក្រោម​នេះ​ គឺជាដំណោះស្រាយ និងការគ្រប់គ្រង​លំហូរសាច់ប្រាក់​ឲ្យមានភាព​ល្អប្រ​សើរ​ទ្បើង៖

លំហូរសាច់ប្រាក់របស់អ្នកក្រ និងអ្នកមាន
តាមសៀវភៅឪពុកអ្នកមាន ឪពុកអ្នកក្ររបស់លោក Robert T. Kiyosaki បានឲ្យដឹងថា លំហូរសាច់​ប្រាក់​កើតចេញពី៤ប្រភពផ្សេងគ្នា ហើយ២ក្នុងចំណោមនោះ ត្រូវបានគេលើក​ថាជាលំហូរ​សាច់ប្រាក់​របស់​អ្នកក្រ និង២ផ្សេងទៀតជាលំហូរសាច់ប្រាក់របស់អ្នកមាន។​

លំហូរសាច់ប្រាក់​ដែលគេចាត់ទុក​ថាជាលំហូរ​សាច់ប្រាក់របស់អ្នកក្រ ទី១គឺ ភាពជាបុគ្គលិក (E= Employee) ជាអ្នកដែលធ្វើការងារ​ឲ្យគេដើម្បី​ស្វែង​រកចំណូល ហើយប្រាក់ចំណូលរបស់ពួកគេ ត្រូវ​បានហូរ​ចូលមួយខែម្តង។ ទី២ គឺធ្វើការដោយ​ខ្លួន​ឯង (S=Self-employed) ជាអ្នកដែលមានមុខរបរ ឬការងារ​ផ្ទាល់​ខ្លួន តែពួកគេមាន​ភាពរវល់​ច្រើនជា​មួយ​ការរកស៊ី និងមិនសូវ​មានពេល​វេលាគ្រប់គ្រាន់​សម្រាប់​ខ្លួនឯង និង​ក្រុម​គ្រួ​សារនោះទេ ថ្វីត្បិតតែមានអាចរក​ចំណូល​ច្រើន​គួរសមយ៉ាងណាក្ដី។ អ្នកទី២នេះ លំហូរ​សាច់ប្រាក់​អាច​ហូរចូលរាល់ថ្ងៃ តែមានបញ្ហាច្រើន ដោយសារ គាត់មិនមានប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវ ធ្វើតែម្នាក់ឯង ធ្វើការ​គ្មានពេលទំនេរ ខ្វះការគ្រប់គ្រងទិន្នន័យឲ្យបានច្បាស់លាស់។

រីឯលំហូរសាច់ប្រាក់របស់អ្នកមានវិញ ទី១ គឺ ម្ចាស់អាជីវកម្មខ្នាតធំ (B=Business Owner) ជាអ្នក​ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអូសទាញបុគ្គលិក (E=Employee) មកធ្វើការងារឲ្យខ្លួន និងមាន​រចនាសម្ព័ន្ធច្បាស់លាស់សម្រាប់ក្រុមហ៊ុន។ ភាគច្រើនពួកគេក៏ធ្វើ​ការងារ​ដូចជា​បុគ្គលិកដែរ តែពួកគេ​មាន​ពេល​​វេលា​ច្រើ​ន​សម្រាប់ខ្លួនឯង និងមានពេល​គិតពីយុទ្ធសាស្ត្រ និងគម្រោង​ក្នុងការ​គ្រប់គ្រប់អាជីវកម្ម។ ទី២ គឺអ្នកវិនិយោគ (I=Investor) ជាអ្នកដែលមានដើមទុនច្រើនសម្រាប់​បណ្ដាក់​ទុនជា​មួយ​ម្ចាស់អាជីវកម្ម​នា​នា( B=Business Owner)។ ពួកគេជាអ្នកដែលបោះ​ទុនរក​ស៊ី​ដោយ​មិនបាន​ធ្វើការងារនោះទេ ពួកគេ​មាន​ពេល​វេលាច្រើនសម្រាប់ខ្លួនឯង និងគ្រួសារ។ អាជីវកម្មរបស់​ពួកគេ​មាន​ដូចជា ទិញលក់អចលនទ្រព្យ ផ្សារមូលបត្រ និងមានវិនិយោគក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ផងដែរ។ អ្នកទាំងពីរប្រភេទចុងក្រោយនេះ លុយហូរចូលទៅពួកគាត់ មិនមែនមួយខែម្តងទេ គឺ រាល់ថ្ងៃ ឬ រាល់​នាទី​ក៏មានដែរ។

តាមប្រភពទាំងនេះ សរបញ្ជាក់ឲ្យឃើញថាប្រសិនបើអ្នកកំពុងស្ថិតក្នុង E ឬ S អ្នកគួរតែវិឌ្ឍន៍​ខ្លួនឲ្យ​ទៅ​ជា B ឬ I ទើបធ្វើឲ្យលំហូរសាច់ប្រាក់របស់អ្នកកាន់តែប្រសើរ។
សហគ្រិនជោគជ័យទាល់តែពូកែគ្រប់គ្រងលំហូរសាច់ប្រាក់
ការចេះគ្រប់គ្រងលំហូរប្រាក់ចេញ ឬចូលនៅក្នុងការធ្វើអាជីវកម្ម ក៏មិនខុសពីការចាយវាយប្រចាំថ្ងៃ​សម្រាប់​ការរស់​នៅក្នុងគ្រួសារនោះដែរ ពោលគឺសហគ្រិន ឬមេគ្រួសារត្រូវតែធ្វើយ៉ាងណារកចំណូលឲ្យបានច្រើន​ជាងការចំណាយ ទើបអាជីវកម្ម ឬគ្រួសាររបស់អ្នកមានការវិឌ្ឍទៅមុខ។ តាមប្រសាសន៍របស់កញ្ញា លី កញ្ញារ័ត្ន នាយិកាសេវាហិរញ្ញវត្ថុ និងពន្ធដារ នៃក្រុមហ៊ុន Aplus Consulting បានលើកឡើងថា នៅពេល​ដែល​ក្រុមហ៊ុនមួយមានភាពល្អប្រសើរក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់ វានឹងធ្វើឲ្យក្រុមហ៊ុននោះ កាន់​តែឆ្ពោះ​ទៅរកភាពររីកចម្រើនទៅមុខដូចជា ៖

· - ជំរុញឲ្យផលិតភាពមានការកើនឡើង៖ ម្ចាស់ក្រុមហ៊ុន ឬអាជីវ​កម្មនោះ មិនចាំបាច់មាន​ការ​ព្រួយ​បារម្ភពីបញ្ហាលំហូរសាច់ប្រាក់ និងមានពេលវេលាច្រើនគិតពី​យុទ្ធសាស្ត្រល្អៗ​ដើម្បី​ឲ្យការលក់ និងផលិត​ភាពមានការកើនឡើង។

· - មានលទ្ធភាពនៃ​ការ​បង្វិលទុន (Liquidity) ៖ នៅពេលដែលអ្នកមានសាច់ប្រាក់ក្នុងដៃ អ្នក​នឹង​អាចទូទាត់ជាមួយអ្នកផ្គត់ផ្គង់ (Supplier) ទាន់កាលកំណត់។ ហេតុនេះ ការធ្វើប្រតិបត្តិការ (Operation) របស់ក្រុមហ៊ុនអ្នកក៏កាន់តែមានភាពល្អប្រសើរផងដែរ។

· - មានលទ្ធភាពវិនិយោគផ្សេងទៀត (Reinvest) ៖ ជាការពិតណាស់ នៅពេលដែលចរន្ដ​សាច់ប្រាក់​របស់​​អ្នកស្ថិតក្នុងវិវឌ្ឍនភាព នោះអ្នកនឹងអាចមានលទ្ធភាពគ្រប់គ្រាន់​ដើម្បីពង្រីកអាជីវកម្ម។ លើសពីនេះ អ្នកនឹងមានលទ្ធភាពបង្កើនចំនួនបុគ្គលិក ពង្រីកទ្រព្យទុន (Assets) និងវិនិយោគ​លើបច្ចេកវិជ្ជាផ្សេងៗដើម្បីបង្កើនផលិតភាព ផលចំណេញ និងការប្រកួតប្រជែង។

· - មិនជាប់ពាក់ព័ន្ធនឹងបំណុល៖ នៅពេលដែលអ្នកអាចគ្រប់គ្រងលំហូរសាច់ប្រាក់បានល្អ នោះអ្នក​អាច​កាត់បន្ថយកម្ចីពីធនាគារដែលមានការប្រាក់ខ្ពស់ ។ ម្យ៉ាង​ទៀត អ្នកក៏​មិន​មានការ​ព្រួយបារម្ភ​ពីហានិភ័យនៃបំណុលនោះដែរ។

· - មានភាពសារទរនៅក្នុងក្រុមហ៊ុន៖ ម្ចាស់អាជីវកម្ម ឬសហគ្រិន នឹងលែងជួបនូវផលលំបាកក្នុងការ​ដោះ​ស្រា​យបញ្ហាលំហូរសាច់ប្រាក់នៅក្នុងក្រុមហ៊ុន ឬអាជីវកម្ម។ ហេតុនេះ វានឹងធ្វើឲ្យ​បរិយាកាស​ ធ្វើ​ការងារ​ក្នុងក្រុមហ៊ុនក៏មានភាពល្អប្រសើរ រួមទាំងបុគ្គលិកថ្នាក់ក្រោម និងថ្នាក់កំពូល។
វីធីសាស្ត្រក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់
មុននឹងបានដឹងពីវិធីសាស្ត្រក្នុងការគ្រប់គ្រង អ្នកត្រូវដឹងពីបញ្ហាដែលបណ្ដាលឲ្យកើតមានវិបត្តិនៃលំហូរសាច់​ប្រាក់​ជា​មុនសិន។ ជាទូទៅ បញ្ហាដែលបណ្ដាលឲ្យកើតមាននូវវិបត្តិនេះ គឺវាមានច្រើនយ៉ាងណាស់ដែល​អាស្រ័យ​ទៅលើប្រភេទអាជីវកម្មនិមួយៗ។ ទាក់ទងនឹងបញ្ហានេះ កញ្ញា លី កញ្ញារ័ត្នបានឲ្យដឹងដែរថា ភាគច្រើនវិបត្តិលំហូរសាច់ប្រាក់ក្នុងក្រុមហ៊ុន ឬអាជីវកម្ម វាតែងកើតមានឡើងតាមរយៈការលក់ធ្លាក់ចុះ ការទិញទំនិញស្តុកហួសប្រមាណ ព័ត៌មានហិរញ្ញវត្ថុមិនច្បាស់លាស់ ខ្វះការគ្រប់គ្រងលើគណនីយត្រូវទទួល (Account Receivable) និងការចាយវាយដោយខ្វះការត្រួតពិនិត្យច្បាស់លាស់ជាដើម។ល។

ខាងក្រោមនេះជាដំណោះស្រាយក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់ដែលអ្នកគួរស្វែងយល់៖
· ព្យាករណ៍ពីលំហូរសាច់ប្រាក់៖ អ្នកត្រូវដឹងពីប្រភេទអាជីវកម្មរបស់ខ្លួន និងព្យាករណ៍ពីចំនួន​សាច់ប្រាក់​ដែលត្រូវចំណាយ និងចំណូល ហើយព័ត៌មានទាំង​នោះអ្នកអាច​ទទួលបានពី​ផ្នែកធនធាន​មនុស្ស អ្នកគ្រប់គ្រងផ្នែកផលិត និងផ្នែកទីផ្សារនៃក្រុមហ៊ុនរបស់អ្នក។ ក្រោយពីអ្នក​បានទទួល​ព័ត៌​មាន​ទាំងអស់នោះ​ហើយ អ្នកនឹងអាចដឹងពីតម្រូវ​ការនៃចំនួនសាច់ប្រាក់ដែលអ្នកត្រូវចំណាយ និងពេលវេលាដែលត្រូវ​ចំណាយផងដែរ។

· គ្រប់គ្រងព័ត៌មានលំហូរសាច់ប្រាក់៖ ម្ចាស់ក្រុមហ៊ុន ឬអាជីវកម្មត្រូវតាមដានរបាយការណ៍នៃចំណូល​ចំណាយឲ្យបានច្បាស់លាស់។ លើសពីនេះ ត្រូវបង្រៀនបុគ្គលិក​ទទួលខុសត្រូវលើផ្នែកនេះ ឲ្យចេះ​ពីរ​បៀប​ស្រង់ទិន្នន័យ និងគ្រប់គ្រងពីលំហូរសាច់ប្រាក់ ដើម្បីឲ្យពួកគេអាចផ្ដល់​នូវទន្និន័យបាន​ងាយ​ស្រួល លឿន និងមានតម្លាភាព។

· - មានគម្រោងការណ៍បង្ការហានិភ័យ៖ ត្រូវមានគម្រោងត្រឹមត្រូវដើម្បីទប់ស្កា​ត់ហានិភ័យដែល​កើត​មាន​​ឡើង​​ដោយចៃដន្យ។

· - រៀបចំកញ្ចប់ថវិកាដែលត្រូវចំណាយឲ្យបានច្បាស់លាស់ និងចំពេលវេលា។

· - គ្រប់គ្រងគណនីយត្រូវទទួល (Account Receivable) ៖ អាជីវកម្ម ឬក្រុមហ៊ុនមួយ​ចំនួនតែ​ជួប​ប្រទះ​នូវបញ្ហាជំពាក់ពីអតិថិជន ដែលធ្វើឲ្យចរន្ដនៃលំហូរសាច់ប្រាក់ត្រូវរាំងស្ទះ ដើម្បីដោះស្រាយ​នូវបញ្ហានេះ អ្នកអាចសាកល្បងនូវមធ្យោបាយខាងក្រោមនេះ ៖

- បញ្ចុះតម្លៃ សម្រាប់អ្នកដែលទិញបង់លុយភ្លាមៗ

- ត្រួតពិនិត្យលើអតិថិជនធំៗដែលមានកិច្ចសន្យាច្បាស់លាស់លើគណនីត្រូវទទួល

- នៅពេលលក់ត្រូវចេញវិក័យបត្រភ្លាមៗ ​ត្រូវព្យាយាមទាក់ទងអតិថិជន​ដើម្បីទទួលបានការទូទាត់​តាម​រយៈ​ ទូរស័ព្ទ ឬឆ្លើយឆ្លងអ៊ីម៉ែលជាដើម។​ បង្កើតឲ្យមានជាការ​ពិន័យ ចំពោះអតិថិជន​ណាដែលបង់ប្រាក់យឺតយាវហួសកាលបរិច្ឆេតកំណត់ និងធ្វើឲ្យមានភាពងាយស្រួលដើម្បីឲ្យ​អតិថិជន​ធ្វើការទូទាត់។

· - គ្រប់គ្រងគណនីយត្រូវទូទាត់ (Account Payable) ៖ ត្រូវចរចាជាមួយអ្នកផ្គត់ផ្គង់ ដើម្បីស្នើរឲ្យមានការទូទាត់ក្នុងរយៈពេលយូរ តែក៏មិនត្រូវឲ្យ​ហួសថ្ងៃ​កំណត់​ដែល ឬប្រសិនបើវិក័យបត្រទូទាត់​របស់ក្រុមហ៊ុនអ្នកមានសុពលភាព៣០ថ្ងៃ គួរតែពុំ​ទាន់​ទូទាត់មុនថ្ងៃ ព្រោះវា​អាចនឹង​បណ្ដាល​ឲ្យអ្នកជួបបញ្ហាលំហូរសាច់​ប្រាក់ប្រសិនបើក្រុមហ៊ុន​អ្នកមាន​ហានិភ័យ​ណាមួយកើតឡើង។

- - ត្រូវចេះជ្រើសរើសអ្នកផ្គត់ផ្គង់ល្អ ( supplier) ដោយមិនត្រូវផ្ដោតលើតែតម្លៃថោកនោះទេ ផ្ទុយទៅ​វិញ​ត្រូវ​ជ្រើសរើសអ្នកផ្គត់ផ្គងណាដែលអាចជួយសម្រួលដល់​ចលនាលំហូរ​សាច់ប្រាក់​របស់​ក្រុមហ៊ុន​អ្នកទើបជាការប្រសើរ។

ជារួម ដូចទៅនឹងការបកស្រាយខាងលើលំហូរសាច់ប្រាក់គឺប្រៀបបាននឹងសរសៃឈាមដែលត្រូវរត់​ចុះឡើងនៅក្នុងខ្លួនប្រាណរបស់មនុស្សដូច្នោះដែរ។ យ៉ាងណាមិញ ក្នុងន័យអាជីវកម្មវិញប្រសិន​បើចលនា​នៃលំហូរសាច់ប្រាក់របស់អ្នកកំពុងរាំងស្ទះត្រង់ចំណុចណាមួយនោះ អ្នកត្រូវ​ដោះ​ស្រាយ​វាឲ្យ​បានលឿន​បំផុត​ដើម្បី​កុំឲ្យមានបញ្ហារីកដាលកាន់តែធំទៅៗ។ យោងតាមមតិរបស់កញ្ញា លី កញ្ញារ័ត្នបានគូសបញ្ជាក់ថា នៅ​ក្នុងអាជីកម្មសាច់ប្រាក់ត្រូវបានបែងចែកចេញជាបី គឺការលក់ (Turnover) ប្រាក់ចំណេញ (Profit) និង​លំហូរ​សាច់ប្រាក់ (Cash Flow) ហេតុនេះម្ចាស់អាជីវកម្មត្រូវចេះវិភាគ និងតាមដាននូវ​ព័ត៌មាន​ដែលទាក់ទង​នឹង​ចំណុច​​ទាំងបី​ខាងលើ​នេះឲ្យបានម៉ត់ចត់ និងត្រូវចេះស្វែងរកការប្រឹក្សាយោលបល់ពីមន្ត្រី​ជំនាញផ្នែក​ហិរញ្ញ​វត្ថុ​​ប្រសិន​បើអ្នកជួប​បញ្ហា​អ្វីមួយ៕
ដកស្រង់ពីទស្សនាវដ្ដីពាណិជ្ជកម្ម កម្ពុជា

ជជែកកម្សាន្ដ