Home » » មុនចេញ Franchise តើអាជីវកម្មអ្នកត្រូវមានអ្វីខ្លះ?

មុនចេញ Franchise តើអាជីវកម្មអ្នកត្រូវមានអ្វីខ្លះ?

Written on Friday, October 30, 2015 | 5:24 PM

“Franchise ជួយឲ្យអ្នកបង្កើតសាខាកាន់តែច្រើនដោយមិនចំណាយទុនខ្លួនឯង ថែមទាំងទទួលបានផលចំណេញនឹកស្មានមិនដល់ “

អាជីវកម្ម​​ទិញសិទ្ធិ​​លក់​បន្ត (Franchise) គឺជា​អាជីវកម្ម​​មួយបែប​​ដែលមាន​​​ការពេញ​​និយម​​​ខ្លាំង​នៅ​តាម​​បណ្ដា​​​​ប្រទេស​​អភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍ​មួយចំនួន។ តួយ៉ាង ប្រទេសកម្ពុជា​នៅរយៈពេល​ប៉ុន្មាន​​ឆ្នាំចុង​ក្រោយនេះ ក៏មាន​ការពេញនិយមលើអាជីវកម្មនេះគួរឲ្យកត់សម្គាល់ផងដែរ ដោយ​គេ​សង្កេតឃើញថាមាន​ម៉ាក Franchise បរទេស​យ៉ាងច្រើន បានហូរចូលកម្ពុជា ខណៈដែល​អាជីវកម្ម​ក្នុង​ស្រុកមួយ​ចំនួនបាន​និង​កំពុង​​ប្រឈមមុខនឹងការប្រកួតប្រជែងយ៉ាងខ្លាំងពីសំណាក់ម៉ាក Franchise ទាំងនោះ។ ដើម្បីអាចធ្វើការ​ប្រកួត​ប្រជែង និងពង្រឹងនូវនិរន្តរភាព​នៃអាជីវកម្មឲ្យបាន​ស្ថិត​ស្ថិរយូរអង្វែង ម្ចាស់អាជីវកម្មគួរណាស់តែខិត​ខំកសាង​នូវ​ម៉ាកសញ្ញារ​បស់ខ្លួនឲ្យបានរឹងមាំ និងស្វែង​រកនូវ​លក្ខណៈពិសេសដែលអាជីវកម្មផ្សេងទៀតមិនមាន (Unique) ដើម្បីអាចឈាន​ទៅ​រក​ការធ្វើ Franchise អាជីវកម្មបាន។ ពាណិជ្ជកម្ម កម្ពុជាសូមលើកយកនូវ​ចំណុចសំខាន់ៗ​មួយ​ចំនួន​ដែលជួយឲ្យអ្នកអាចធ្វើអាជីវកម្មទៅជា Franchise បាន ដែលមាន​ដូចខាងក្រោម៖

គម្រោងយុទ្ធសាស្ត្រអាជីវកម្ម
ពិតណាស់រាល់ការធ្វើអាជីវកម្មទាំងអស់សុទ្ធសឹងតែត្រូវមានផែនការណ៍អាជីវកម្មច្បាស់លាស់​ ដើម្បីជា​ត្រីវិស័យ​នាំផ្លូវ​ទៅរក​ជោគ​ជ័យ។ យ៉ាងណាមិញ ការធ្វើផែនការណ៍អាជីវកម្មឲ្យទៅជា Franchise វាហាក់​មានចំណុចសំខាន់ច្រើន​ដែលអ្នកត្រូវត្រៀមទុក ដូចជារយៈ​ពេល​ដែលអ្នក​ត្រូវ​លក់​​សិទ្ធិ​អាជីវកម្ម​ឲ្យដៃ​គូជាដើម។ ជាទូទៅ ម្ចាស់​អាជីវកម្ម​តែងតែចង់បញ្ចេញលក់ Franchise របស់ខ្លួនឲ្យបានឆាប់ ប៉ុន្ដែ ដើម្បីអាចលក់សិទ្ធិអាជីវកម្ម​ប្រកប​ដោយជោគជ័យ ទាមទាឲ្យ​អាជីវកម្ម​អ្នក​មានកេរិ៍្តឈ្មោះចាស់ទុំសិន (Mature Brand) ជាមួយនឹងស្ថាន​ភាព​ហិរញ្ញវត្ថុរឹងមាំ។ ស្ថិតក្នុង​ស្ថាន​ការណ៍នេះ ម្ចាស់អាជីវកម្ម ត្រូវយល់​ច្បាស់ពីទីផ្សារ និងអតិថិជនរបស់ខ្លួន ជាមួយនឹងគំរូ​អាជីវកម្ម​ ដែលអាចទាញយកអតិថិជនបាន។ ម្យ៉ាងទៀត ម្ចាស់អាជីវកម្មក៏ត្រូវតែត្រៀម​នូវផែន​ការណ៍​ទប់ស្កាត់បញ្ហាជាមុននៅពេលលក់សិទ្ធិអាជីវកម្មទៅឲ្យអ្នកដៃគូ ដូចជា លទ្ធភាព​ក្នុងការ​ផ្គត់ផ្គង់ និងភាពខ្វះចន្លោះនូវជំនាញសំខាន់ៗរបស់ខ្លួនជាដើម។
គំរូប្រតិបត្តិការ
ជាទូទៅ លក្ខណៈពិសេសរបស់អាជីវកម្មបែប Franchise គឺស្ថិតនៅលើការប្រតិបត្តិការដូចៗគ្នា។ ម្ចាស់ដើមអាជីវកម្ម (Franchisor) ត្រូវបង្កើតនូវប្រព័ន្ធគ្រប់គ្រងមួយ ដែលតម្រូវឲ្យបុគ្គលិកទាំងអស់ ត្រូវអនុវត្តទៅតាមអ្វីដែល​ខ្លួនបានកំណត់ ដូចជាការកំណត់ឲ្យមានរចនាបថនៃហាងនីមួយៗ​មាន​លក្ខណៈ​ដូចៗគ្នា ផលិតផល និងសេវាកម្មដូចគ្នា​ជាដើម។ មិនតែប៉ុណ្ណោះ ម្ចាស់ដើមនៃអាជីវកម្ម ​ត្រូវផ្ដល់នូវការ​បណ្តុះ​បណ្ដាល​ជំនាញ​សម្រាប់បុគ្គលិកសាខាថ្មី ព្រមទាំងបង្កើត​ឲ្យមាន​នូវគម្ពីរ​អាជីវកម្ម (Operation Manual) ដែលមានសរុបលម្អិតពីការប្រតិបត្តិការ​ផ្សេងៗសព្វ​បែបយ៉ាង​ដែល​មាននៅ​ក្នុងដំណើរអាជីវកម្ម​របស់ខ្លួន សម្រាប់ឲ្យបុគ្គលិកគ្រប់សាខាយកទៅអនុវត្តតាម។ ការ​បង្កើត​​ឲ្យមានគំរូប្រិតបត្តិការជាក់លាក់នេះ វាធ្វើឲ្យម្ចាស់ដើមអាជីវកម្មងាយ​ស្រួលក្នុង​ការគ្រប់​គ្រង អាចពង្រីកខ្លួនកាន់តែច្រើន និងបានលឿន។
ឯកសារផ្លូវច្បាប់
ដើម្បីធានាឲ្យបាននូវតម្លាភាពនៃការគ្រប់គ្រង និងការលក់សិទ្ធិអាជីវកម្មបន្ត ម្ចាស់ដើមអាជីវកម្ម ត្រូវតែបង្កើតឲ្យមានគោលការណ៍ និងច្បាប់បញ្ញតិ្តផ្សេងៗដើម្បីគ្រប់គ្រងលើអ្នកទិញសិទ្ធិបន្ត (Franchisee) ដូចជា កិច្ចព្រមព្រៀងលើលទ្ធភាពហិរញ្ញវត្ថុរបស់អ្នកដែលទិញសិទ្ធិអាជីវកម្មបន្ត កំណត់រយៈពេល តម្លៃ នៃការទិញសិទ្ធិ​ និងផលកម្រៃផ្សេងរវាងម្ចាស់ដើមអាជីវកម្ម និងអ្នកទិញ​សិទ្ធិអាជីវកម្មជាដើម។ ម្យ៉ាងទៀត ម្ចាស់ដើមនៃអាជីវកម្ម ក៏ត្រូវបង្កើត​ឲ្យមានជាបទបញ្ញាត្តិ​ផ្សេងៗ​បន្ថែមទៀត សម្រាប់គ្រប់គ្រង​លើអ្នក​ទិញសិទ្ធិ​អាជីវកម្ម ដូចជាអ្នកដែលទិញសិទ្ធិ​នោះអាចមាន​សិទ្ធិលក់បន្ត​នៅក្នុងតំបន់ របស់ខ្លួនដែរ ឬទេ? ឧទាហរណ៍៖ ហាងតែគុជ Chatime នៅកម្ពុជាដែល​បានទិញ សិទ្ធិអាជីវកម្មពី ប្រទេសតៃវ៉ាន់ និងអាចលក់ Franchise បន្តនៅកម្ពុជាបាន ដោយសារតែ​ពួកគេ​បានទិញសិទ្ធិផ្តាច់មុខ (Master Franchise) នៅកម្ពុជា ប៉ុន្ដែ បើសម្រាប់អ្នកដែលមិនបានទិញ​សិទ្ធិ​ផ្តាច់មុខទេ ពួកគេអាចបើកហាងបានតែមួយប៉ុណ្ណោះ ដោយមិនអាច​លក់បន្ត​ឡើយ (Unit Franchise)។ បន្ថែមពីនេះ ដើម្បីឲ្យកាន់តែទទួលបាននូវ​ទំនុកចិត្ត និងសុក្រិតភាព​ក្នុងការបង្កើត​នូវគោលការណ៍ច្បាប់សម្រាប់ការធ្វើ Franchise អាជីវកម្មរបស់អ្នក អ្នកគួរតែទាក់ទង​ទៅកាន់​អ្នក​ឯកទេសផ្លូវច្បាប់ ឬមេធាវី ដើម្បីឲ្យពួកគេជួយសម្រួលដល់កិច្ចការងារនេះ។
កសាងម៉ាកសញ្ញា
ម៉ាកសញ្ញា (Brand) គឺជាចំណុចស្នូលនៃអាជីវកម្ម ដើម្បីទទួលបានជោគជ័យ និងអាចចេញលក់ Franchise បាន។ មានម្ចាស់អាជីវកម្មមួយចំនួន​បានចាប់ផ្ដើមអាជីវកម្មរបស់ខ្លួន​ដំបូង​ដោយមិនបាន​យកចិត្តទុកដាក់​ពីការកសាងម៉ាក​​សញ្ញា​របស់​ខ្លួននោះទេ ពោលគឺពួកគេគ្រាន់តែបង្កើតអាជីវកម្ម តែពួកគេមិនបានបង្កើត​ម៉ាកផ្ទាល់​ខ្លួននោះ​ឡើយ ហេតុនេះ វាងាយនឹងធ្វើឲ្យអាជីវកម្ម​របស់ពួក​គេ​ឆាប់​ជួបនឹងបញ្ហា នៅពេលដែល​ផលិតផល ឬសេវា​កម្ម​ថ្មីដទៃទៀតចូលមក ព្រោះតែអាជីវកម្ម​ពួកគេ​ខ្វះ​សក្ដានុពលនៃម៉ាកសញ្ញា។ ម្យ៉ាងទៀត នៅពេលដែលអ្នកអាចកសាងម៉ាកសញ្ញា​របស់​ខ្លួន​បានល្បី និងមានការទទួលស្គាល់ពីមនុស្ស​ជាច្រើន នោះតម្លៃ Franchise របស់អាជីវកម្មអ្នកក៏​កាន់តែខ្ពស់​ផងដែរ។ ដើម្បីឲ្យយល់កាន់តែច្បាស់​ពីគុណតម្លៃនៃម៉ាកសញ្ញាយើង​ចូរអាន​ឧទាហរណ៍​ខាងក្រោមនេះ៖
អ្នកប្រហែលជា មានការងឿងឆ្ងល់​ណាស់ថា ហេតុអ្វីបានជាហាងភីហ្សានៅកម្ពុជាមានច្រើន តែ​មានតែ​​ហាង​មួយ​ចំនួនតូចប៉ុណ្ណោះ ដែលមាន​អតិថិជន​និយមទទួលទាន ជាក់ស្ដែង The Pizza Company ដែលជាម៉ាក Franchise ពីប្រទេសថៃ ចម្លើយដ៏​សាមញ្ញ​នោះគឺដោយសារតែម៉ាកសញ្ញា។ ពេល​ណា​មនុស្សនឹកចង់​ទទួល​ទានភីហ្សា គេនឹងនឹក​ឃើញ​ដល់ហាងមួយនេះ។ មួយវិញទៀត ហេតុអ្វី​​បានជាហាង​ភីហ្សា​ម៉ាក Domino បង្ហាញវត្តមាននៅ​កម្ពុជា​? ស្របពេលដែលហាងភីហ្សានៅ​កម្ពុជាក៏​មាន​ច្រើន​​គួរសមដែរហើយ នោះគឺដោយ​សារ​តែ​សក្តានុពល​នៃ​ម៉ាក​​សញ្ញា​របស់ហាង​ភីហ្សា​មួយនេះស្ថិតក្នុងលំដាប់អន្តរជាតិដែល​បាននាំមកពី​អាមេរិក ហើយវាជាម៉ាក Franchise មួយ​ដែល​ភាព​ចាស់​ទុំគ្រប់គ្រាន់ ដើម្បីទាញ​​យកចំណាប់​អារម្មណ៍​ពីប្រជាជនក្នុងតំបន់ នេះបើតាម​ប្រសាសន៍​លើកឡើងរបស់លោក គួច សុខលី អគ្គនាយកក្រុមហ៊ុន CBM។ ពិសេសជាងនេះ ប្រជាជន​កម្ពុជានាពេលបច្ចុប្បន្ន​កំពុងមាន​និន្នាការ​ទៅលើអាជីវកម្មដែលមានម៉ាកល្បីៗ ដូច្នេះ វាជា​ឱកាសមួយសម្រាប់អាជីវកម្មក្នុង​ស្រុកទាំងឡាយ​គួរតែផ្តោត​លើការកសាងម៉ាកសញ្ញា​ឲ្យខ្លាំង​ ជាជាង​ការមើល​ឃើញប្រាក់ចំណេញក្នុងរយៈពេលខ្លី។
ម៉ាឃីតធីង
ការធ្វើម៉ាឃីតធីងនៅក្នុងប្រព័ន្ធអាជីវកម្ម Franchise ត្រូវបានបង្កើតឡើងច្បាស់លាស់ ជាមួយ​ដំណាក់​កាល​តាមលំដាប់​ដែលមាននៅក្នុងផែនការណ៍ទីផ្សារដែលបានត្រៀមទុក ហើយវាអាច​ទាក់​ទាញអតិថិជន​បានគ្រប់​ប្រភេទ មិនថាតែអតិថិជនក្នុងតំបន់ ឬក្រៅតំបន់នៅទេ។ លើសពីនេះ ការកំណត់​នូវផែនការណ៍ទីផ្សារច្បាស់​លាស់របស់ម្ចាស់ដើមអាជីវកម្ម វាជាការផ្ដល់នូវ​ទំនុកចិត្ត​ខ្ពស់​សម្រាប់អ្នកដែលទិញសិទ្ធិអាជីវកម្មបន្ត ដើម្បី​យក​ទៅអនុវត្តតាមប្រកបដោយជោគជ័យ។ ជាទូទៅ ម្ចាស់ដើមអាជីវកម្ម Franchise តែងតែ​ផ្ដល់ជូន​នូវ យុទ្ធសាស្ត្រទីផ្សារ​ចាប់តាំងពីអាជីវកម្ម​មុនដំណើរការមកម្លេះ។ ក្នុងនោះ ផែនការណ៍ទីផ្សារដែល​ម្ចាស់ដើម អាជីវកម្មត្រូវផ្ដល់ជូនរួមមាន ការធ្វើ​ការផ្សព្វផ្សាយពីម៉ាកសញ្ញា និងផលិតផល ឬសេវាកម្មដែលត្រៀម​នឹង​ជិត​មកដល់ (Prelaunch) និងត្រៀមធ្វើម៉ាឃីតធីង ដើម្បីរៀបចំលើកម្មវិធីបើកសម្ពោធជាដើម (Grand Opening)។ ក្រោយពីអាជីវកម្មបើកសម្ពោធរួចរាល់ ម្ចាស់ដើមអាជីវកម្ម ត្រូវបង្កើតឲ្យមានជា​យុទ្ធសាស្ត្រ​ទីផ្សារ​ក្នុងតំបន់ (Local Marketing) ដើម្បីត្រៀមប្រកួតប្រជែង និងទាក់ទាញអតិថិជន។ លើសពីនេះ ម្ចាស់ ដើមអាជីវកម្ម ត្រូវមានក្រុមការងារដើម្បីជួយសម្រួលដល់បញ្ហា ទីផ្សារនានា របស់អ្នកទិញសិទ្ធិ អាជីវកម្ម ផងដែរ។
បច្ចេកវិជ្ជាដែលទាក់ទង
ម្ចាស់អាជីវកម្មដើម ត្រូវស្វែងរកនូវបច្ចេកវិជ្ជាចុងក្រោយទាំងឡាយណា ដែលស័ក្ដិសម​ជាមួយ​អាជីវកម្ម​​របស់​ខ្លួន តួយ៉ាងបច្ចេកវិជ្ជាដែលអាចសម្រួលដល់ការលក់ជាដើម។ ឧទាហរណ៍ ឧបករណ៍​បញ្ជាកម្ម៉ង់ផលិតផល ឬសេវាកម្មដោយស្វ័យប្រវត្តិ ឬកម្មវិធីទាន់សម័យដែល​អាចជួយ​សម្រួល​ដល់ប្រព័ន្ធគណនីយជាដើម។ ពិសេសជាងនេះ ក៏គួរតែផ្ដល់សិទ្ធិនូវការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយផ្ទាល់ខ្លួនតាមរយៈបណ្ដាញ​សង្គម​ និង គេហទំព័រទៅតាម​តំបន់ ឬហាងនីមួយផងដែរ។
លក្ខខណ្ឌរបស់អ្នកទិញសិទ្ធិអាជីវកម្ម
ការទទួលយកដៃគូទិញសិទ្ធិអាជីវកម្មបន្ត វាជារឿងមួយដែលម្ចាស់អាជីវកម្មដើម​ត្រូវពិចារណាឲ្យ​បាន​ល្អិត​​ល្អន់​មុន​សម្រេចចិត្តលក់សិទ្ធិអាជីវកម្ម ព្រោះដៃគូទិញសិទ្ធិ​អាជីវកម្មត្រូវតែជាបុគ្គល​ដែល​មាន​សមត្ថភាព​ក្នុងការគ្រប់គ្រង និងមានប្រព័ន្ធហិរញ្ញវត្ថុរឹង ពោលគឺអ្នកត្រូវប្រាកដថា អ្នក​ដែល​នឹង​ត្រូវទទួលបានសិទ្ធិ​អាជីវកម្ម​ពីអ្នកនឹងធ្វើឲ្យអាជីវកម្មរបស់អ្នកកាន់តែរីកចម្រើន និងទទួលបាន​ជោគជ័យ ដោយកុំសម្លឹងឃើញ​តែប្រាក់ដែល​គេមានឲ្យ​សោះ។ ជាទូទៅ អ្នកគួរតែជ្រើសរើសនូវ​បុគ្គល​ទាំងឡាយណា​ដែលមាន​បទ​ពិសោធន៍​​ល្អក្នុង​ការលក់ ធ្លាប់ ឬកំពុង​មានអាជីវកម្មផ្ទាល់ខ្លួន និងមានភាពជឿជាក់ខ្ពស់​ដើម្បី​សម្រេច​ជោគជ័យជាដើម។

ចំណុចខាងលើទាំងអស់នេះ គ្រាន់តែជាខ្លឹមសារគោលសំខាន់ៗមួយចំនួនដែលពាណិជ្ជកម្ម កម្ពុជា​ដក​ស្រង់​មកដើម្បី​ចែករំលែកដល់សហគ្រិន និងមិត្តអ្នកអានប៉ុណ្ណោះ។ ដើម្បីជ្រាបកាន់តែលម្អិត និងស្វែង​យល់ខ្លឹមសារផ្សេងៗបន្ថែមទៀត អ្នកអាចស្វែងរកសៀវភៅដែលសរសេរពីការគ្រប់គ្រង ឬបង្កើតអាជីវកម្មនេះ ស្វែងរកតាមអ៊ីនធើណែត ឬបន្តតាម​ដានជាមួយទស្សនាវដ្ដីពាណិជ្ជកម្ម កម្ពុជានៅ​លេខក្រោយៗទៀត។
ដកស្រង់ពីទស្សនាវដ្ដី ពាណិជ្ជកម្ម កម្ពុជា

ជជែកកម្សាន្ដ