Home » , » យុទ្ធសាស្ត្រអាជីវកម្ម៖ គិតតូច ធ្វើតូច តែលទ្ធផលធំ

យុទ្ធសាស្ត្រអាជីវកម្ម៖ គិតតូច ធ្វើតូច តែលទ្ធផលធំ

Written on Monday, August 25, 2014 | 12:08 PM

នៅថ្ងៃ​អនាគត ខ្ញុំមាន​បំណង​ប្រកប​អាជីវកម្ម​ធំមួយ​ ហើយមាន​អតិថិជន​ច្រើន​ចូល​ទិញ។ ប៉ុន្ដែ ពេល​នេះ ខ្ញុំមិន​ទាន់មាន​ដើមទុន​ច្រើន​ ឬគ្រប់គ្រាន់​នៅឡើយ​ទេ។ ការលើកឡើងនៃមតិ​របស់​មនុស្ស​ភាគ​ច្រើន ប៉ុន្ដែ យើង សូម​ចោទសួរទៅវិញថា តើទាល់តែមានដើមទុនច្រើន ទើប​អាចប្រកប​អាជីវកម្ម​បានមែនទេ? មនុស្សភាគ​ច្រើនតែងតែចង់បង្កើតអាជីវកម្មដំបូងមួយដោយជោគជ័យ ប៉ុន្ដែ ពួកគេ​មិនដែលគិតចង់រៀន ឬស្វែង​រក​បទពិសោធន៍ពីអាជីវកម្មនោះឡើយ ពោលគឺចង់​បានជោគជ័យ​ភ្លាមៗ​។ ចំណុចដែលមិនគួរមើលរំលង គឺយើងត្រូវរៀនធ្វើពីតូច ទៅធំ ឬពីតិច ទៅច្រើនជាមុនសិន ទៅតាម​លទ្ធភាពដែលខ្លួនមាន នោះយើងនឹង​បានយល់កាន់តែស៊ីជម្រៅពីការធ្វើអាជីវកម្ម និងអាច​បន្តការពង្រីក​ខ្លួនកាន់តែធំទៅៗ។
ធ្វើតាមចំណង់ចំណូលចិត្ត ទៅតាមលទ្ធភាព
ជាការពិតណាស់ រាល់ការធ្វើអាជីវកម្មទាំងអស់​មិនមែនទាល់តែមានដើមទុនរាប់ម៉ឺនដុល្លារ ទើប​អាច​ធ្វើបាន​នោះទេ។ ផ្ទុយទៅវិញ យើងត្រូវចេះប្រើប្រាស់ចំណង់ចូលចិត្ត ( Passion) របស់ខ្លួន ប្រកបដោយភាពច្នៃប្រឌិត ស្របទៅតាមលទ្ធភាពដែលខ្លួនមាន ដើម្បីសម្រេចក្ដីស្រមៃក្នុងជីវិត ពោល​គឺ ប្រសិនបើអ្នកចង់បើកហាងកាហ្វេ ភោជនីដ្ឋាន ឬអាជីវកម្មអ្វីមួយនោះ សូមចាប់ផ្ដើម​ធ្វើវា​ពីឥឡូវតទៅជាមួយនឹងដើមទុនសមល្មមដែលខ្លួនមាន ដោយមិន​ត្រូវរង់ចាំទាល់តែមាន​ដើមទុន​ច្រើន​ហូរហៀរទើបអាចចាប់ផ្ដើមបាននោះទេ។ អ្នកគួរតែ ធ្វើវាពីដើម​ទុនតិច ជាមួយហាងតូចល្មម ព្រោះវាងាយស្រួល​ក្នុងការគ្រប់គ្រង និងអាចដកស្រង់បទ​ពិសោធន៍​បានយ៉ាងល្អ​ពីអាជីវកម្មនោះ មុននឹង​យើងឈានទៅការពង្រីក​ខ្លួននៅលើ​ទីផ្សារ។ ដូចទៅនឹងប្រសាសន៍របស់លោកស្រី សុខ ចិន្តា ដែលជាអគ្គនាយិកាគ្រប់គ្រងក្រុមហ៊ុនជាច្រើននៅ​កម្ពុជា ដូចជា ANANA , Mekongnetç FullHouse និង SunCity ធ្លាប់បានប្រាប់ទស្សនាវដ្ដី ពាណិជ្ជកម្ម​កម្ពុជាថា “ការឈានជើង​ចូលក្នុង​អាជីវកម្​មដំបូងរបស់ខ្ញុំ កាលនោះខ្ញុំមានដើមទុនត្រឹមតែ​២០ដុល្លារ​ប៉ុណ្ណោះ” ។ លោកស្រីបន្តថា “ ដើមទុនតិច ឬច្រើនមិនមែនជាបញ្ហា​សំខាន់នោះទេ ផ្ទុយទៅវិញគឺការតាំងចិត្ត និងជំនះធ្វើវា រួមផ្សំនឹងការចេះ​ឆក់ចាប់យកឱកាសទីផ្សារ។” ជាមួយគ្នានេះដែរ ស្ថិតក្នុងកិច្ចសម្ភាស​ដោយផ្ទាល់​ជាមួយទស្សនាវដ្ដីពាណិជ្ជកម្មកម្ពុជា លោកស្រី អេង សម្ផស្ស ជាម្ចាស់ហាង សម្ផស្សបុកល្ហុង ដែលកំពុងមានភ្ញៀវចេញចូលមិនស្រាកស្រានបានប្រាប់ឲ្យដឹងថា ការបើកហាងដំបូងរបស់​លោក​ស្រីគឺធ្វើ​ឡើង​តែពីរនាក់ប្ដីប្រពន្ធប៉ុណ្ណោះ ដែលកាលនោះគាត់មានដើមទុនត្រឹមតែ ១០០០ ទៅ​២០០០ ដុល្លារប៉ុណ្ណោះ សម្រាប់រកស៊ីជាមួយនឹងហាងតូចមួយ មានតុតែ៦ប៉ុណ្ណោះ រហូតមកទល់​ពេលនេះ លោកស្រី​បាន​ពង្រីកហាងបានធំជាងមុនរហូតដល់ទៅ៣៤តុ និងមានការគាំទ្រពីភ្ញៀវ​ជាច្រើន​លើសលុប។ លោកស្រី​បន្តថា ភាពជោគជ័យនេះ គឺផ្ដើមចេញពីការស្រឡាញ់នូវមុខរបរនេះ គួបផ្សំនឹងការអត់ធ្មត់​ព្យាយាម​​ខ្ពស់ទើប​អាចសម្រេច​បាន។ ទន្ទឹមនឹងនេះ តាមសម្ដីរបស់លោក Blake Mycoskie ជាស្ថាបនិក​ក្រុមហ៊ុន​លក់​ស្បែកជើង Toms បានលើកឡើងថា “ សូម​ធ្វើអ្វី​ដោយផ្តោត​ទៅលើចំណង់ចំណូលចិត្តរបស់អ្នក នោះរឿង​ផ្សេងទៀត​គ្មានបញ្ហា” ។ លោក Blake Mycoskie គឺជាអ្នកបង្កើតគំនិត One for One ដែលជា​គម្រោង​មួយជួយដល់​ក្មេងៗ​អនាថា​នៅប្រទេស​ Argentina ដែលគ្មានស្បែកជើងពាក់។ ហើយគម្រោងមួយនេះ បានធ្វើឲ្យលោក បានក្លាយជា​ សហគ្រិន​ដ៏ជោគជ័យម្នាក់ជាមួយការបង្កើតក្រុមហ៊ុនថ្មីៗជាច្រើន ក្រោយពីពង្រីក​ខ្លួន​ពី​ក្រុមហ៊ុន​លក់ស្បែក​ជើងធម្មតា។ ទស្សនៈលោក Blake Mycoskie ក៏មានអត្ថន័យស្រដៀង​នឹងសម្ដីមាស​របស់​ស្ដេច​បច្ចេក​វិទ្យាដែលពិភពលោកមិនអាចភ្លេចបាន គឺលោក Steve Jobs ដែរថា “ យុទ្ធសាស្ត្រ​តែមួយ​គត់​​ដើម្បី​ធ្វើការងារឲ្យបានល្អប្រពៃ គឺត្រូវស្រឡាញ់នូវអ្វីដែលអ្នកធ្វើ បើសិនអ្នកគ្មានសេចក្ដី​ស្រឡាញ់​ចំពោះ​ការងារ​នោះទេ សូមបន្តស្វែងយល់ពីវាបន្ថែមទៀត កុំធ្វើទាំងមិនពេញចិត្ត។ “
សិក្សាពីអតិថិជន ទីផ្សារ និងធ្វើការកំណត់តម្លៃ
នេះគឺជាចំណុចដ៏សំខាន់មុននឹងការចាប់ផ្ដើមប្រកបរាល់អាជីវកម្មទាំងអស់។ តាមបទពិសោធន៍​របស់លោកស្រី អេង សម្ផស្ស ក្នុងការបើកហាងលក់បុកល្ហុង បាយដំនើប ស្លាបមាន់អាំង និង​អាហារកម្មង់​​អស់រយៈពេល៤ឆ្នាំ​កន្លះកន្លងមកនេះ បានឲ្យដឹងថា ដំបូងមុននឹងការចាប់ផ្ដើម​អាជីវកម្មលោកស្រី និងស្វាមី​បានសិក្សា​ពីប្រភេទ​អតិថិជន ទីផ្សារ និងការកំណត់តម្លៃជាដើម។ លោកស្រីបន្ថែមថា លោកស្រី និងស្វាមីបានចូលទៅញ៉ាំ​អាហារ​នៅ​ក្នុងហាងតូចធំ​ជាច្រើន​នៅ​ភ្នំពេញ ដើម្បីស្វែងយល់ពីរសជាតិនៃអាហារ និងសិក្សាពីប្រភេទអតិថិជន។ បន្ទាប់ពីបានសិក្សា​រួចហើយ​លោកស្រីសម្រេចចិត្តធ្វើការកំណត់តម្លៃ​ឲ្យត្រូវទៅតាមលទ្ធភាព​នៃប្រជាជន​ក្នុងតំបន់​បច្ចុប្បន្ន​ គួបផ្សំនឹង​បច្ចេក​ទេសបុកល្ហុងដែលគាត់បានរៀនពីប្រទេសថៃ។ ម្យ៉ាងទៀត អាចថាវា​ជាឱកាស​ទីផ្សារល្អសម្រាប់គាត់ ព្រោះពេលនោះពុំទាន់មានឃើញ​មានហាងលក់អាហារប្រភេទនេះ មាន ​នៅ​កម្ពុជា​នៅឡើយ ដូច្នេះ ទើបគាត់សម្រេចចិត្ត​បើកហាងបុកល្ហុងនេះឡើង ដែលដំបូង​មាន​ត្រឹមតែ​​៦តុប៉ុណ្ណោះ ប៉ុន្តែឥឡូវមាន​រហូតដល់៣៤តុ។
ពង្រឹងសមត្ថភាពជាមុនសិន មុននឹងឈានដល់ការពង្រីកខ្លួន
សព្វថ្ងៃមានអាជីវកម្មមួយចំនួនពេលបានទទួលជោគជ័យ ឬមានការគាំទ្រពីអតិថិជនច្រើនហើយ ពួកគេតែងតែ​ពង្រីកខ្លួន ដូចជាការបើកសាខាបន្ថែមជាដើម។ ដោយឡែក តាមលោកស្រី អេង សម្ផស្សបានលើកឡើងថា រាល់អាជីវកម្មទាំងអស់ត្រូវសម្លឹងមើលពីសមត្ថភាពរបស់ខ្លួន (ធនធាន​មនុស្ស) ជាមុនសិនមុននឹងសម្រេចចិត្ត​ពង្រីក​សាខាបន្ថែមទៀត ជាពិសេសគឺ​មុខរបរលក់​អាហារ​ហូប​ចុកនេះតែម្ដង ព្រោះប្រសិនបើអ្នក​មិនមាន​សមត្ថ​ភាព ឬធនធានមនុស្ស​គ្រប់គ្រាន់​ដើម្បីបំពេញ​តម្រូវការភ្ញៀវនោះទេ អ្នកមិនត្រឹមតែមិនទទួល​បានជោគជ័យ​សម្រាប់​សាខាថ្មីនោះទេ ហើយវាក៏​អាចជិះ​ឥទិ្ធពលដល់ហាង​ចាស់របស់អ្នកផងដែរ។ ជាក់ស្ដែង ការធ្វេស​ប្រហែស​ធ្វើឲ្យ​បាត់បង់​រសជាតិ គឺជាបញ្ហាដ៏សំខាន់បំផុតដែលម្ចាស់ហាងអាហារ ឬភោជនីដ្ឋានទាំងអស់ត្រូវ​មានការយក​ចិត្តទុក​ដាក់ខ្ពស់ ព្រោះវានឹងធ្វើឲ្យអ្នកបរិភោគលែងមានភាពជឿជាក់ និងធ្វើឲ្យបាត់បង់អតិថិជន។​

ជជែកកម្សាន្ដ