ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យអចលនទ្រព្យនៅកម្ពុជាហាក់មានសន្ទុះង៉ើបឡើងឥតឈប់ឈរ ស្របពេលដែលភ្នាក់ងារអ្នកវាយតម្លៃអចលនទ្រព្យជាច្រើនបានមានសុទិដ្ឋិនិយមយ៉ាងខ្លាំង ពីវិស័យមួយនេះថា វានឹងបន្តដំណើររីកលូតលាស់កាន់តែច្រើនបន្ថែមទៀតនៅពេលអនាគត។ ទន្ទឹមនឹងនេះ មានគម្រោងសាងសង់ជាច្រើនបាននឹងកំពុងសម្រុកការសាងសង់របស់ខ្លួនទាំងយប់ទាំងថ្ងៃ និងខ្លះទៀតមិនទាន់បានចាប់ផ្ដើមសាងសង់នៅឡើយ។ ក្នុងនោះ គម្រោងបំផុតក្នុងវិស័យអចលនទ្រព្យ គឺគម្រោងកសាងទីក្រុងរណបដែលវាត្រូវការផ្ទៃដីធំ និងពេលវេលាយូរដើម្បីសម្រេចការសាងសង់ តួយ៉ាងនៅបច្ចុប្បន្ននេះ កម្ពុជាបានមានគម្រោង និងកំពុងសាងសង់ទីក្រុងរណបចំនួន៦ រួមមានដូចជា គម្រោងអភិវឌ្ឍតំបន់បឹងកក់ ទីក្រុងរណបកោះពេជ្រ ទីក្រុងរណប ខេមកូស៊ីធី ទីក្រុងរណប ហ្គែ្រនភ្នំពេញ ទីក្រុងរណបជ្រោយចង្វារ និងគម្រោងអភិវឌ្ឍ Platinum City ជាដើម ដែលគម្រោងទាំងនោះភាគច្រើនអភិវឌ្ឍនៅតំបន់ភាគខាងជើងនៃរាជធានីភ្នំពេញ។ ដោយឡែក គម្រោងទីក្រុងរណប AZ នឹងក្លាយជាគម្រោងថ្មីមួយទៀត និងដំបូងគេ ដែលមានទីតាំងនៅភាគខាងត្បូងវិញម្ដងនៃរាជធានីភ្នំពេញ។ គម្រោងទីក្រុងរណប AZ គឺជាគម្រោង ទីមួយដែលមានផ្ទៃដីសរុប ២.៥៧២ ហិកតា ស្ថិតនៅជាប់ខណ្ឌ និងក្រុងចំនួនបី គឺខណ្ឌមានជ័យ ដង្កោរ និងតាខ្មៅ ដែលមានមហាវិថីសម្ដេចតេជោ ហ៊ុន សែនកាត់ចំកណ្ដាលផងដែរ។