លោក ឌី វង្សនាគ ម្ចាស់ហាងអប្សរាម៉ូបែលលក់ទូរស័ព្ទបានមានប្រសាសន៍ថា នៅក្នុងហាងរបស់លោក
អតិថិនជនដែលមកចូលទិញ គឺភាគច្រើនជាមនុស្សមានវ័យកណ្ដាលឡើងទៅ ប៉ុន្ដែពុំសូវមានឃើញយុវវ័យនោះទេ
ដែលនេះក៏ជាយុទ្ធសាស្ត្រមួយ ដែលម្ចាស់អាជីវកម្មគួរតែពិចារណា សម្រាប់ការលក់
Smartphone ក៏ដូចជាឧបករណ៍បច្ចេកវិទ្យាផ្សេងទៀត។
តើកត្តាអ្វីខ្លះ ដែលជំរុញឱ្យម្ចាស់ហាងលក់ទូរស័ព្ទដៃរូបនេះ សម្រេចចិត្តជ្រើសរើសយកអតិថិជនវ័យកណ្ដាលជាងយុវវ័យសម័យថ្មី?
ចំពោះវិស័យបច្ចេកវិទ្យាទូរស័ព្ទចល័តនាពេលបច្ចុប្បន្ន យើងអាចសង្កេតឃើញថាវាកំពុងតែមានសន្ទុះយ៉ាងខ្លាំង
ជាពិសេសគឺមានការនិយមចូលចិត្តពីសំណាកមិត្តៗយុវវ័យ។ ដោយឡែក ហាងអប្សរាម៉ូបែលគេពុំសូវមានឃើញយុវវ័យចូលទិញច្រើននោះទេ
ប៉ុន្ដែបែរជាទទួលបានការចាប់អារម្មណ៍ពីសំណាកអតិថិជនវ័យកណ្ដាលឡើងទៅ។ បើតាមសម្ដី
របស់ម្ចាស់ហាង លោក ឌី វង្សនាគ បានមានប្រសាសន៍ថា លោកពេញចិត្តនឹងទទួលអតិថិជនដែលមានវ័យកណ្ដាលជាជាងយុវវ័យព្រោះ
អតិថិជនវ័យកណ្ដាលឡើងទៅមួយភាគធំគឺគាត់ចង់ចេះចង់ដឹងពីឧបករណ៍បច្ចេកវិទ្យាដូចជាការប្រើប្រាស់ទូរស័ព្ទ
Smartphone ឬ Tablet ជាងយុវវ័យក៏មានដែរ។ ហើយអ្វីកាន់តែពិសេសនោះ គឺពួកគាត់មានលទ្ធភាពក្នុងការទិញជាងយុវវ័យ។
លោកបន្តទៀតថា ទទឹមនឹងនេះ ដើម្បីទទួលបានអតិថិជនច្រើនដូចសព្វថ្ងៃនេះ គឺហាងរបស់លោកបានផ្ដោតសំខាន់ទៅគោលការណ៍ពីរយ៉ាងដើម្បីធ្វើការប្រកួតប្រជែងនៅលើទីផ្សារ
ទី១គឺតម្លៃ និងទី២គឺសេវាកម្ម។ ចំពោះទូរស័ព្ទ Smartphone ដែលលក់ដាច់ខ្លាំងជាងគេគឺទូរស័ព្ទម៉ាក Samsung ព្រោះទូរស័ព្ទនេះវាផ្ដល់នូវជម្រើសច្រើនជូនដល់អតិថិជនគ្រប់ស្រទាប់វណ្ណៈ។
លើសពីនេះ លោកក៏មានសង្ឃឹមយ៉ាងមុតមាំថាទៅថ្ងៃអនាគតទីផ្សារលក់ទូរស័ព្ទSmartphone ឬឧបករណ៍បច្ចេកវិទ្យាដទៃទៀតនៅកម្ពុជាយើងនឹងកាន់តែមានការបោះជំហានទៅមុខជាដរាប
ព្រោះលោកសម្លឹងឃើញថាសព្វថ្ងៃមនុស្សគ្រប់រូបពិតជាត្រូវការឧបករណ៍ទាំងនេះជាចាំបាច់ក្នុងការប្រកបរបរ
និងមុខជំនួញផ្សេងៗទៀត។
គួររំឮកផងដែរថា អប្សរាម៉ូបែលគឺជាងលក់ទូរស័ព្ទដៃមួយដែលបានចាប់ផ្ដើមនៅលើទីផ្សារកម្ពុជាអស់រយៈពេលយូរឆ្នាំមកហើយ
ដែលរហូតមកទល់ពេលនេះ មានសាខា៣កន្លែង គឺសាខាទីមួយនៅផ្សារថ្មី សាខាទី២នៅផ្សារអូឬស្សី
និងសាខាទី៣នៅអាគារ Pack way ជាន់ផ្ទាល់ដី។