លោកអ្នកមួយចំនួនប្រហែលជាធ្លាប់បានអានសៀវភៅនេះ ហើយមួយចំនួនទៀតប្រហែលជាមិនទាន់បានអាននៅឡើយទេ។ វិថីក្រាលមាស គឺជាសៀវមួយក្បាលដែលមានកម្រាស់៥២០ទំព័រ ដែលបានរៀបរៀងឡើង ដោយលោក ប៉ាល់ វណ្ណារីរក្ស ក្នុងនោះគឺបានសរសេររៀបរាប់ពីជីវប្រវត្តិផ្ទាល់របស់ឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី ទាំងពីកុមារភាព រហូតមកដល់ជីវិតជោគជ័យនាពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ ក្នុងសៀវភៅនេះ បានពណ៌នាយ៉ាងលម្អិត ពីឆាកជីវិត ដ៏ជូរជាតិពីអតីតកាលដែលមិនអាចបំភ្លេចបានរបស់គាត់ជាបុព្វហេតុធ្វើឲ្យមានការផ្លាស់ប្តូរវិថីជីវិតរបស់គាត់ ជាមួយនឹងភាពតស៊ូជំនះឧបសគ្គ គួបផ្សំនឹងផ្នត់គំនិតជាអ្នកដឹកនាំផងដែរ។ បន្ថែមពីនេះ សៀវភៅនេះ ក៏បានពន្យល់ពីឧត្តមគតិរបស់ ឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី ក្នុងការបង្កើតអាជីវកម្មជាច្រើន ជាពិសេសទាក់ទងនឹងវិស័យកសិកម្ម។ ស្របពេលដែល ពាណិជ្ជករមួយចំនួនតែងតែគិតថា ការវិនិយោគទុនលើវិស័យនេះ នៅតែជាចំណោទបញ្ហា និងមិនមែនជាសេចក្ដីត្រូវការរបស់ពួកគេឡើយ ព្រោះថាវិស័យនេះ ជាអាជីវកម្មមួយដែលមានហានិភ័យខ្ពស់ និងទាមទារពេលវេលាយូរអង្វែងទើបអាចទទួលបានផលចំណេញ។ ដោយឡែក ឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី មិនត្រឹមតែនៅបន្តអាជីវកម្មនោះទេ គាត់ក៏បានពង្រីកសក្ដានុពលអាជីវកម្មច្រើនឡើងៗ រហូតដល់មានមតិមួយលើកឡើងថា គាត់គឺជា ពាណិជ្ជករដែលលេចធ្លោ និងឈានមុខជាងគេ ហើយក៏ជាមនុស្សតែម្នាក់ក្នុងចំណោមមនុស្ស១លានអ្នក ដែលបានរួមចំណែកកាត់បន្ថយគម្លាតរវាងអ្នកមាន និងអ្នកក្រនៅកម្ពុជា។ ដូច្នេះ ចង់ដឹងថា តើមានកត្តាអ្វីខ្លះជំរុញឲ្យឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី សម្រេចបាននូវភាពជោគជ័យដូចមកទល់សព្វថ្ងៃនេះ គឺមានតែអានខ្លឹមសារលម្អិតនៅក្នុងសៀវភៅ “ វិថីក្រាលមាស “ នេះ តែប៉ុណ្ណោះ៕

