វិទ្យុបារាំងអន្តរជាតិ RFI(92.0
FM &94.5 FM) បានប្រារព្ធពិធីសម្ភោធការបង្កើនម៉ោងផ្សាយជាភាសាខ្មែររបស់ខ្លួន
ដែលបានប្រពឹត្តិទៅនៅអាគារកាណាយ៉ា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី
ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន
ឯកឧត្តម Serge Mostura ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា និងលោកស្រី Marie-Christine
Saragosse ជាប្រធានអគ្គនាយិកាវិទ្យុ RFI និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍
ទី២០ ខែមិថុនា ឆ្នាំ២០១៣កន្លងទៅនេះ។
ក្នុងកិច្ចសម្ភោធនោះ លោកស្រី Marie-Christine Saragosse បានលើកឡើងថា កម្ពុជាគឺជាប្រទេស ដែលមានទំនាក់ទំនង ២០ឆ្នាំមកហើយជាមួយវិទ្យុ
RFI ដែលក្នុងនោះយើងមានប្រព័ន្ធផ្សព្វផ្សាយ
ដ៏សំខាន់បំផុត ក្នុងកម្រិតរលកធាតុអាកាស FM ចំនួន៥ នៅតាមបណ្ដាខេត្តក្រុងធំៗនៅទូទាំង
ប្រទេស។ លោកស្រីបានគូសបញ្ជាក់ថា ការបន្ថែមនូវម៉ោងផ្សាយជាខេមរភាសានេះ គឺក្នុងគោល
បំណងពង្រឹងទំនាក់ទំនងរវាងប្រទេស និងភាសាបារាំងជាមួយនឹងប្រទេសកម្ពុជា។ ក្នុងការបន្ថែម
ម៉ោងផ្សាយនេះ RFI បានបង្កើនការផ្សាយជាភាសាខ្មែររហូតដល់១៤ម៉ោងក្នុងមួយថ្ងៃ
ពោលគឺចាប់ពី ម៉ោង៧ព្រឹក ដល់ម៉ោង៩យប់ ដែលក្នុងនោះសុទ្ធសឹងជាកម្មវិធីល្អៗដែលផ្ដោតសំខាន់លើការលើក
តម្កើង និងផ្សព្វផ្សាយពីគុណតម្លៃរបស់ភាសានៃប្រទេសទេសទាំងពីរ ការការពារសិទ្ធិមនុស្ស
សិទ្ធិស្ត្រី លទ្ធិប្រជាធិបតេយ្យ ការស្វែងយល់រវាងវប្បធម៌ និងអរិយធម៌ផ្សេងៗគ្នា
និងលើកតម្កើងវិស័យអប់រំ ជាដើម។
ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ
បានថ្លែងថា យើងពិតជាមានចិត្តសប្បាយរីករាយខ្លាំងណាស់ដែល វិទ្យុ RFI បានបន្ថែមនៅម៉ោងផ្សាយជាខេមរភាសាសម្រាប់ប្រទេស និងប្រជាជនកម្ពុជា។
ហើយប៉ុស្តិ៍ វិទ្យុ នៅកម្ពុជាយើងគឺមានច្រើនណាស់ ប៉ុន្ដែវាមានគុណភាពនិងការផ្សាយខុសៗគ្នា។
ឯកឧត្តម បានបន្តថា RFIជាវិទ្យុមានគុណភាព និងជំនាញច្បាស់លាស់
លើសពីនេះ ក៏បានផ្ដល់នូវ គំនិតល្អៗ សម្រាប់អ្នកស្ដាប់ផងដែរ។ អ្វីដែលពិសេសនោះ
គឺ RFI ក៏បានផ្ដល់ការងារជូនដល់យុវជនកម្ពុជា
ក្នុង ជំនាញវិជ្ជាជីវៈមួយច្បាស់លាស់ដើម្បីក្លាយជាអ្នកសារព័ត៌មាននៅកម្ពុជាផងដែរ។
ឆ្លៀតក្នុងឪកាសនោះ ឯកឧត្តម Serge Mostura ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ក៏បានមាន ប្រសាសន៍ផងដែរថា
កម្ពុជាគឺជាប្រទេសមួយដែលមានប្រជាជនជាច្រើនចូលចិត្តស្ដាប់វិទ្យុ ពិសេសគឺប្រជាជនដែលរស់នៅតាមទីជនបទផ្ទាល់តែម្ដង។
បន្ទាប់មក ឯកឧត្តម ខៀវ កាញារីទ្ធ
ក៏បានផ្ដល់ជូននូវវត្ថុអនុស្សាវរីយ៍ដល់លោកស្រី Marie-Christine
Saragosse និង ឯកឧត្តម Serge Mostura ព្រមទាំងធ្វើពិធីកាត់ខ្សែបូ ជាកិច្ចបញ្ចប់
នៃកម្មវិធី៕