ACB ៖ កាលពីម្សិលមិញ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៣ វេលាម៉ោងប្រហែល ១រសៀល មានក្មេងស្រីម្នាក់បានមកកាន់ស្ថានីយ៍វិទ្យុអេប៊ីស៊ីកម្ពុជា ដោយនាងបានអះអាងថានាងត្រូវមិត្តភក្ដិបង្ខំឲ្យជួញដូរផ្លូវភេទ និងថ្នាំញៀន ទើបនាងរត់គេចខ្លួនចេញពីផ្ទះមិត្តភក្ដិរបស់នាង និងមកទីនេះដើម្បីស្វែងរកជំនួយ។ ដោយមានការអាណិតអាសូរ ក្រុមការងារបានសម្រេចធ្វើការផ្សាយសម្លេងផ្ទាល់របស់ក្មេងស្រីម្នាក់នោះតាមរលកវិទ្យុតែម្ដង ដើម្បីជាការអំពាវនាវឲ្យក្រុមគ្រួសាររបស់នាងមកយកនាងវិញ។
ក្មេងស្រីរូបនោះមានឈ្មោះ ស្រីណាត ហើយក្នុងពេលសម្ភាសន៍ជាមួយនឹងក្រុមការងារនាងបានប្រាប់ថា នាងបានរត់ចេញពីផ្ទះដោយខឹងមីងរបស់នាងបង្ខំឲ្យធ្វើការគ្មានថ្ងៃឈប់សម្រាក ហើយបានទៅរកមិត្តភក្ដិឲ្យជួយរកការងារឲ្យធ្វើ តែចៃដន្យមិនល្អ មិត្តរបស់នាងបែរជាបង្ខំនាងឲ្យលក់គ្រឿងញៀន និងលក់ខ្លួនទៀតផង។ ក្រោយពីមានការប្រកាសពីក្រុមការងារវិទ្យុអេប៊ីស៊ី និងគេហទំព័រ abcnonstop.net បងប្រុសរបស់នាងក៏បានមកទទួលនាងយកទៅវិញទៅ ដោយគាត់បានប្រាប់ថាគាត់បានព្យាយាមតាមរកប្អូនស្រីគាត់អស់រយៈពេលបីថ្ងៃហើយ។