មនុស្សជាច្រើនតែងតែមានក្ដីស្រមៃចង់បានលំនៅដ្ឋានមួយអាចរស់នៅជាមួយមនុស្សជាទីស្រឡាញ់របស់ខ្លួនប្រកបដោយសុភមង្គល
និងភាពថ្លៃថ្នូរ។ ស្របពេលដែលកំណើនសំណង់អគារលំនៅដ្ឋានជាច្រើន ត្រូវបានសាងសង់ឡើងគួរឲ្យគត់សម្គាល់
តួយ៉ាង ក្នុងឆ្នាំ២០១២ ការផ្គត់ផ្គង់លំនៅដ្ឋាននៅកម្ពុជាមានប្រហែល ២០.០០០ខ្នង
ខណៈតម្រូវការមានក្នុងកម្រិតពី ១០.០០០ ទៅ១៥.០០០ខ្នងរៀងរាល់ឆ្នាំ។ ហេតុនេះ
ដើម្បីទទួលបានលំនៅដ្ឋានដូចដែលមាននៅក្នុងក្ដីស្រមៃនោះ ខុនដូរគឺពិតជាលំនៅដ្ឋានដ៏ស័ក្ដិសមបំផុតសម្រាប់ក្រុមគ្រួសារសម័យថ្មី
ស្របទៅនឹងបរិបទសង្គមដែលកំពុងមានការអភិវឌ្ឍន៍ជាលំដាប់។ ប៉ុន្ដែ ដើម្បីទិញ
និងរស់នៅក្នុងគេហៈដ្ឋានប្រភេទនេះ វាមានការខុសប្លែកគ្នាខ្លះពីផ្ទះល្វែង ឬវីឡាជាដើម។
ខាងក្រោមនេះ គឺជាចំណុចខ្លឹមសារសំខាន់សម្រាប់លោកអ្នកស្វែងយល់
មុននឹងសម្រេចចិត្តទិញខុនដូររស់នៅ ៖
ទិញដោយបង់រម្លស់
លទ្ធភាព គឺជាបញ្ហាដ៏ចម្បងមុននឹងសម្រេចចិត្តទិញផ្ទះ ឬខុនដូរ
ជាក់ស្ដែងនៅក្នុងសម័យបច្ចុប្បន្នកាន់តែមានភាពជឿនលឿនទៅមុខ ជំរុញឲ្យរាល់ការទិញសម្ភារប្រើប្រាស់
និងផ្ទះសម្បែង លោកអ្នកអាចមានលទ្ធភាពទិញបង់រម្លស់ជាមួយធនាគារ
និងក្រុមហ៊ុនបង់រម្លស់នានាដែលមានការប្រាក់សមរម្យ និងប្រកបដោយភាពងាយស្រួលជាងមុន។
តួយ៉ាង តម្លៃខុនដូរនៅ Decastle Royal ដែលមានតម្លៃចាប់ពី ១៤ម៉ឺន
ដល់៤០ម៉ឺនដុល្លារអាមេរិកទៅតាមប្រភេទបន្ទប់នីមួយៗ
ក្នុងនោះលោកអ្នកអាចធ្វើការបង់រម្លស់ជាមួយធនាគារកាណាឌីយ៉ា ដែលអាចបង់ចាប់ពី៤០
ទៅ៧០ភាគរយ ឬអាចបង់ផ្ទាល់ជាមួយក្រុហ៊ុនផ្ទាល់ក៏បានដែលវាមានទៅតាមលក្ខខណ្ឌ
ឬអត្រាបង់ជាសាច់ប្រាក់ទៅតាមក្រុមហ៊ុននីមួយៗបានកំណត់។
ច្បាប់ និងបទវិន័យផ្សេងៗក្នុងការរស់នៅ
តាមសម្ដីរបស់លោកអ៊ិន ស៊ីថា នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន VTRUST REALITY បានឲ្យដឹងថា
បែបបទឯកសារដើម្បីរៀបចំក្នុងការទិញខុនដូរ វាមានលក្ខណៈងាយស្រួលជាងការទិញអាផាតមិន
និងផ្ទះល្វែង ព្រោះភាគច្រើនក្រុមហ៊ុនដែលលក់ខុនដូរ
ជាអ្នករាប់រងនូវការរត់ការផ្សេងៗជាមួយរដ្ឋាភិបាល។ ខុសពីផ្ទះការទិញអាផាតមិន
និងផ្ទះល្វែង ដែលអ្នកទិញត្រូវធ្វើការរត់ការខ្លួនឯង
ឬត្រូវជួលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដើម្បីជួយសម្រួលកិច្ចការនេះ។ មិនតែប៉ុណ្ណោះ
មុននឹងសម្រេចចិត្តទិញលោកអ្នកចាំបាច់ត្រូវដឹងពីក្រមវិន័យក្នុងការរស់នៅទីនោះផងដែរ
ដូចជា៖ ប្រសិនបើចង់ចិញ្ចឹមសត្វចញ្ចឹមដូចជាឆ្កែ
ឆ្មានៅក្នុងផ្ទះតើមានការអនុញ្ញាតិពីអ្នកគ្រប់គ្រងនៅទីនោះដែរ ឬទេ?
តើអ្នកអាចជួលបន្តឲ្យទៅអ្នកដ៏ទៃបានដែរ ឬទេ?
ហើយតើនៅទីនោះមានភាពស្ងប់ស្ងាត់សម្រាប់រស់នៅឬទេ? តើមានអាងហែលទឹក កន្លែងហាត់ប្រាណ
ឬកន្លែងកម្សាន្ដផ្សេងទៀតដែរឬទេ?
ការចំណាយទូទៅ
ការចំណាយផ្សេងៗសម្រាប់ការរស់នៅក្នុងខុដូរ
វាក៏មិនខុសពីការរស់នៅក្នុងផ្ទះល្វែង បុរី ឬអាផាតមិនដែរ
ដោយអ្នកដែលជាម្ចាស់កម្មសិទ្ធត្រូវធ្វើការបង់ទៅលើសេវាសាធារណៈផ្សេងៗដូចជា ទឹក
ភ្លើងដោយខ្លួនឯង។ បន្ថែមពីនេះ ម្ចាស់ខុនដូរ ត្រូវបង់ទៅលើសេវាកម្មគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនផងដែរ
ដូចជា ផ្នែកសន្ដិសុខ ការសម្អាត និងសេវាកម្មផ្សេងទៀត តួយ៉ាងនៅក្នុង ខុនដូរ
របស់ក្រុមហ៊ុន Decastle Royal ចំពោះការចំណាយទាំងអស់នេះ
ត្រូវបានកំណត់តម្លៃ០.៥០សេន ក្នុងផ្ទៃមួយម៉ែត្រការ៉េនៃខុនដូរទំហំសរុបនោះ។ មួយវិញទៀត
ក៏មានខុនដូរមួយចំនួនបានបង្កើតនូវសេវាកម្មបន្ថែមមួយទៀត
គឺផ្នែកសេវាកម្មជួសជុលលំនៅដ្ឋាន
និងសង្គ្រោះបន្ទាន់ដែលអាចឲ្យអ្នកដែលរស់នៅក្នុងខុនដូរអាចមានទំនុកចិត្តក្នុងការរស់នៅគ្រប់ពេលវេលា។
ការប្រឹក្សាយោបល់
មុននឹងសម្រេចចិត្តទិញខុនដូរដែលប្រកបទៅដោយគុណភាព និងទំនុកចិត្តក្នុងការរស់នៅ
លោកអ្នកចាំបាច់ត្រូវមានការពិគ្រោះយោបល់ពីអ្នកគ្រប់គ្រងនៅទីនោះ។ ជាទូទៅ
ក្រុមហ៊ុនដែលដាក់លក់ខុនដូរ ពួកគេតែងតែផ្ដល់នូវការប្រឹក្សាសម្រាប់អតិថិជនពីគុណភាពរបស់អាគារ
និងមានផ្ដល់ជូននូវសេវាកម្មផ្សេងៗទៀត។ តាមរយៈការផ្ដល់ការប្រឹក្សានេះ
លោកអ្នកនឹងបានជ្រាបកាន់តែច្បាស់ពីប្រភេទសំណង់នៃអាគារដែលបានរចនាទៅតាមបែបផែននីមួយៗស្របជាមួយយុគ្គសម័យដ៏ទំនើប
ដែលធ្វើឲ្យជីវិតរស់នៅក្នុងក្រុមគ្រួសារប្រកបដោយភាពថ្លៃថ្នូរ និងសុភមង្គល។ លើសពីនេះ
ក្រុមហ៊ុនលក់ខុនដូរមួយចំនួនក៏មានការជួបប្រជុំរៀងរាល់១ឆ្នាំ
ឬ២ឆ្នាំម្ដងរវាងអ្នកគ្រប់គ្រងក្រុមហ៊ុន និងម្ចាស់ខុនដូរ ទាំងអស់ ដែលការជួបជុំនេះ
ត្រូវធ្វើឡើងដើម្បីឲ្យម្ចាស់ខុនដូរទាំងនោះបានបញ្ចេញមតិយោបល់ពីផលវិជ្ជមាន
និងផល អវិជ្ជមានបន្ទាប់ពីពួកគេបានរស់នៅក្នុងលំនៅដ្ឋាននោះកន្លងមក។ ស្របគ្នានេះ
ប្រសិនជាអាចលោកអ្នកគួរតែ ចូលរួម ជាមួយពួកគេដើម្បីទទួលបានគំនិតយោបល់ពីអ្នកដែលបានរស់នៅទីនោះ
ឬអាចសាកសួរទៅកាន់ អ្នកដែលធ្លាប់រស់នៅខុនដូរពីមុនៗក៏បាន។
ព្រោះពួកគេទទួលបានបទពិសោធន៍យ៉ាងច្រើនក្នុងការរស់នៅលំនៅដ្ឋានដ៏ស៊ីវិល័យនេះ។
តំហែទាំ និងទំនុកបម្រុង
លំនៅដ្ឋានដែលមានផាសុកភាពសម្រាប់រស់នៅចាំបាច់ត្រូវមានការមើលថែទាំ
និងសម្អាតជាប្រចាំ ហេតុនេះ ដើម្បីទទួលបានលំនៅដ្ឋានខុនដូរដែលមានសោភ័ណភាពស្រស់ស្អាត
និងផាសុកភាពលោកអ្នកត្រូវពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយនៅក្នុងបន្ទប់
ករណីលំនៅដ្ឋាននោះធ្លាប់មានមនុស្សរស់នៅពីមុន។ ព្រោះថា ប្រសិនបើម្ចាស់ខុនដូរពីមុននោះមិនសូវបានសម្អាតពីមុនមកនោះ
វានឹងធ្វើឲ្យលោកមិនចង់ចូលទៅរស់នៅឡើយ ម្យ៉ាងទៀត ការសម្អាត និងមើលថែទាំនេះ
វាមិនត្រឹមតែផ្ដល់នូវភាពសុកស្រួលដល់ការរស់នៅប៉ុណ្ណោះទេ
ប៉ុន្ដែវាក៏ជួយរក្សានូវតម្លៃនៃខុនដូរនៅពេលដែលលោកអ្នកចង់លក់បន្តទៅឲ្យអ្នកដទៃផងដែរ។
មួយវិញទៀត
អ្នកក៏គួរតែដឹងពីទំនួលខុសត្រូវចំពោះបញ្ហាដែលកើតមានឡើងនៅក្នុងលំនៅដ្ឋានខុនដូររបស់ខ្លួនផងដែរ។
ឧទារហណ៍ បើមានការបែកទុយោទឹក ឬដាច់ខ្សែភ្លើងនៅក្នុងបន្ទប់
តើជាទំនួលខុសត្រូវរបស់លោកអ្នកដែលជាម្ចាស់ខុនដូរ
ឬជាទំនួលខុសត្រូវរបស់ក្រុមហ៊ុនដែលលក់ខុនដូរនោះ? ប៉ុន្ដែ
សម្រាប់ក្រុមហ៊ុនលក់ខុនដូរភាគច្រើនគឺទម្លាក់ទំនួលខុសត្រូវនេះចំពោះបុគ្គលដែលជាម្ចាស់របស់ខុនដូរផ្ទាល់តែម្ដង។

